គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 33:13-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ហ្វូង​សត្វ​នឹង​ចូល​ក្រោម​ដៃ​នៃ​អ្នក​ដែល​រាប់​វា​ម្តង​ទៀត នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​បេន‌យ៉ា‌មីន និង​គ្រប់​កន្លែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា

15. នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក

16. នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្តី​សុចរិត​នៃ​យើង​រាល់​គ្នា»

17. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើយ

18. ហើយ​ពួក​សង្ឃ និង​ពួក​លេវី ក៏​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស នៅ​ចំពោះ​អញ​សំរាប់​ថ្វាយ​ដង្វាយ​ដុត ដង្វាយ​ម្សៅ ហើយ​នឹង​យញ្ញ‌បូជា​ជាប់​នៅ​ជានិច្ច​ដែរ។

19. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​យេរេមា​ថា

20. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បើ​សិន​ជា​ឯង​រាល់​គ្នា​អាច​នឹង​ផ្តាច់​សេចក្តី​សញ្ញា​របស់​អញ ពី​ដំណើរ​ថ្ងៃ និង​យប់ ដើម្បី​មិន​ឲ្យ​មាន​ថ្ងៃ ឬ​យប់​តាម​ធម្មតា​បាន

21. នោះ​សេចក្តី​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ក៏​នឹង​ផ្តាច់​ទៅ​បាន​ដែរ ដើម្បី​មិន​ឲ្យ​ដាវីឌ​មាន​កូន​ចៅ​ណា​មួយ​សោយ‌រាជ្យ នៅ​លើ​បល្ល័ង្ក​របស់​លោក ព្រម​ទាំង​សេចក្តី​សញ្ញា ដែល​តាំង​នឹង​ពួក​លេវី​ដ៏​ជា​សង្ឃ ជា​ពួក​អ្នក​ដែល​ទទួល​ការ‌ងារ​របស់​អញ​ផង

22. ហើយ​ដូច​ជា​ពុំ​អាច​នឹង​រាប់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ឬ​វាល់​ខ្សាច់​នៅ​សមុទ្រ​ជា​យ៉ាង​ណា នោះ​អញ​នឹង​ចំរើន​ពូជ​ដាវីឌ ជា​អ្នក​បំរើ​អញ និង​ពួក​លេវី ជា​ពួក​អ្នក​ទទួល​ការ‌ងារ​របស់​អញ​ឲ្យ​មាន​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ។

សូមអានជំពូកពេញលេញ យេរេមា 33