គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 33:10-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ទី​នេះ​ដែល​ឯង​រាល់​គ្នា​ថា ជា​ទី​ខូច​បង់​ឥត​មាន​មនុស្ស ឬ​សត្វ​ណា​នៅ​ទៀត គឺ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូ‌សាឡិម ដែល​ចោល​ស្ងាត់​នេះ ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ឬ​មនុស្ស ឬ​សត្វ​ណា​ឡើយ នោះ​នឹង​មាន​ឮ​សំឡេង​មនុស្ស​ម្តង​ទៀត

11. ជា​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ គឺ​សំឡេង​របស់​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សំឡេង​ពួក​អ្នក​ដែល​ពោល​ថា ចូរ​លើក​សរសើរ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ ពី​ព្រោះ​សេចក្តី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ហើយ​សំឡេង​របស់​ពួក​ដែល​នាំ​យក​ដង្វាយ​អរ​ព្រះ‌គុណ​ចូល​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ស្រុក​នេះ ដែល​នៅ​ជា​ឈ្លើយ បាន​វិល​មក​វិញ​ដូច​កាល​ពី​ដើម នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

12. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ស្រុក​នេះ​ដែល​ខូច​បង់ ឥត​មាន​មនុស្ស ឬ​សត្វ​ណា​សោះ ហើយ​នៅ​អស់​ទាំង​ទី​ក្រុង នោះ​នឹង​មាន​ទី​លំនៅ​របស់​ពួក​អ្នក​គង្វាល ដែល​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ដេក​សំរាក​ម្តង​ទៀត

13. ហ្វូង​សត្វ​នឹង​ចូល​ក្រោម​ដៃ​នៃ​អ្នក​ដែល​រាប់​វា​ម្តង​ទៀត នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ភ្នំ ស្រុក​ទំនាប ស្រុក​ត្បូង ស្រុក​បេន‌យ៉ា‌មីន និង​គ្រប់​កន្លែង​ជុំវិញ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​សំរេច​តាម​ពាក្យ​ល្អ ដែល​អញ​បាន​និយាយ​ពី​ដំណើរ​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា

15. នៅ​គ្រា​នោះ គឺ​នៅ​ជាន់​នោះ​ឯង អញ​នឹង​ធ្វើ​ឲ្យ​មាន​លំពង់​ដ៏​សុចរិត​ពន្លក​ឡើង​ដល់​ដាវីឌ លំពង់​នោះ​ទ្រង់​នឹង​សំរេច​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក

16. នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត ឯ​លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្តី​សុចរិត​នៃ​យើង​រាល់​គ្នា»

17. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដាវីឌ​នឹង​មិន​ដែល​អាក់‌ខាន​មាន​មនុស្ស សំរាប់​អង្គុយ​លើ​បល្ល័ង្ក​របស់​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល​ឡើយ

សូមអានជំពូកពេញលេញ យេរេមា 33