គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:6-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. យេរេមា​និយាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ប្រាប់​ដូច្នេះ

7. មើល ហាណាមាល ជា​កូន​សាលូម ឪពុក​ធំ​ឯង នឹង​មក​និយាយ​នឹង​ឯង​ថា សូម​ទទួល​បញ្ចាំ​ចំការ​របស់​ខ្ញុំ​ដែល​នៅ​ឯ​អាន៉ាថោត​ទៅ ដ្បិត​អំណាច​ដែល​នឹង​លោះ​បង​ប្អូន នោះ​ស្រេច​នឹង​អ្នក​ទេ

8. ដូច្នេះ​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ក៏​មក​ឯ​ខ្ញុំ​នៅ​ក្នុង​ទីលាន​គុក តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា សូម​ទទួល​បញ្ចាំ​ចំការ​របស់​ខ្ញុំ ដែល​នៅ​ឯ​អាន៉ាថោត ក្នុង​ស្រុក​បេន‌យ៉ា‌មីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មរដក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​បញ្ចាំ ទុក​សំរាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ​ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពិត

9. ខ្ញុំ​ក៏​ទទួល​បញ្ចាំ​ចំការ ដែល​នៅ​ឯ​អាន៉ាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់​១៧​រៀល​ឲ្យ​ដល់​គាត់

10. ក៏​ធ្វើ​សំបុត្រ ហើយ​បិទ​ត្រា រួច​ហៅ​ស្មរ​បន្ទាល់​មក ហើយ​ថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់

11. ដូច្នេះ ខ្ញុំ​បាន​យក​សំបុត្រ​បញ្ចាំ ទាំង​សំបុត្រ​ដែល​បិទ​ត្រា​តាម​ច្បាប់ តាម​ទំនៀម និង​សំបុត្រ​១​ដែល​នៅ​បើក​ដែរ

12. រួច​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក ជា​កូន​នេរីយ៉ា​ដែល​ជា​កូន​ម៉ាសេយ៉ា​នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ និង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​បញ្ចាំ​នោះ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទីលាន​នៃ​គុក

13. ខ្ញុំ​ក៏​ផ្តាំ​បារូក​នៅ​មុខ​គេ​ថា

14. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​យក​សំបុត្រ​បញ្ចាំ​នេះ គឺ​ជា​សំបុត្រ​បញ្ចាំ​ដែល​បិទ​ត្រា និង​សំបុត្រ​ដែល​នៅ​ចំហ ទៅ​ដាក់​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​បាន​ទុក​ជា​យូរ​ថ្ងៃ​ត​ទៅ

សូមអានជំពូកពេញលេញ យេរេមា 32