គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:36-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. ដោយ​ហេតុ​នោះ ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​ឯង​ថា បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយ‌សារ​ដាវ អំណត់‌អត់ ហើយ​នឹង​អាសន្ន‌រោគ​នេះ​ថា

37. មើល អញ​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​សេចក្តី​កំហឹង សេចក្តី​ឃោរ‌ឃៅ ហើយ​នឹង​សេចក្តី​គ្នាន់‌ក្នាញ់​ដ៏​ជា​ខ្លាំង​របស់​អញ ក៏​នឹង​នាំ​គេ​មក​ឯ​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត

38. នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ

39. អញ​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​១ និង​ផ្លូវ​ប្រព្រឹត្ត​តែ​១ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ​ជា​ដរាប សំរាប់​ជា​សេចក្តី​ល្អ​ដល់​គេ និង​កូន​ចៅ​គេ​ត​រៀង​ទៅ

40. អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​គេ ជា​សេចក្តី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ថា អញ​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្តី​ល្អ​វិញ អញ​នឹង​ដាក់​សេចក្តី​កោត‌ខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ

41. អើ អញ​នឹង​យក​គេ​ជា​ទី​រីក‌រាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្តី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​អញ​នឹង​ដាំ​គេ​ចុះ នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​អញ

42. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​អស់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជន‌ជាតិ​នេះ​យ៉ាង​ណា អញ​ក៏​នឹង​នាំ​អស់​ទាំង​ការ​ដែល​អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាង​នោះ​ដែរ

43. គ្រា​នោះ​មនុស្ស​នឹង​ទទួល​បញ្ចាំ​ចំការ នៅ​ក្នុង​ស្រុក​នេះ​ទៀត ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ថា បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ

សូមអានជំពូកពេញលេញ យេរេមា 32