គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:24-40 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. មើល ប្រដាប់​ចំបាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​ត‌យុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ

25. ហើយ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា ចូរ​ឯង​ទទួល​បញ្ចាំ​ចំការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។

26. លំដាប់​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេរេមា​ថា

27. មើល អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ

28. ហេតុ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន

29. ពួក​ខាល់ដេ ដែល​ត‌យុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​ដង្វាយ​ច្រួច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង

30. ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់ នៅ​ភ្នែក​អញ តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

31. ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​អញ​មាន​សេចក្តី​កំហឹង និង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ បាន​ជា​គួរ​ឲ្យ​អញ​បំបាត់​ចេញ​ពី​មុខ​អញ​ទៅ

32. ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្តាល​ឲ្យ​អញ​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ផង

33. គេ​បាន​បែរ​ខ្នង​ឲ្យ​អញ មិន​មែន​ជា​មុខ​ឡើយ ហើយ​ទោះ​បើ​អញ​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ផង​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ស្តាប់​តាម ដើម្បី​នឹង​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​ដែរ

34. គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ

35. គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌បាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម សំរាប់​នឹង​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះ‌ម៉ូឡុក ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នឹង​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ផង​ដែរ។

36. ដោយ​ហេតុ​នោះ ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​ឯង​ថា បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយ‌សារ​ដាវ អំណត់‌អត់ ហើយ​នឹង​អាសន្ន‌រោគ​នេះ​ថា

37. មើល អញ​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​សេចក្តី​កំហឹង សេចក្តី​ឃោរ‌ឃៅ ហើយ​នឹង​សេចក្តី​គ្នាន់‌ក្នាញ់​ដ៏​ជា​ខ្លាំង​របស់​អញ ក៏​នឹង​នាំ​គេ​មក​ឯ​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត

38. នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ

39. អញ​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​១ និង​ផ្លូវ​ប្រព្រឹត្ត​តែ​១ ប្រយោជន៍​ឲ្យ​គេ​បាន​កោត‌ខ្លាច​ដល់​អញ​ជា​ដរាប សំរាប់​ជា​សេចក្តី​ល្អ​ដល់​គេ និង​កូន​ចៅ​គេ​ត​រៀង​ទៅ

40. អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​គេ ជា​សេចក្តី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប‌ជានិច្ច​ថា អញ​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្តី​ល្អ​វិញ អញ​នឹង​ដាក់​សេចក្តី​កោត‌ខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ

សូមអានជំពូកពេញលេញ យេរេមា 32