គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:19-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ទ្រង់​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ក្នុង​ការ​ធ្វើ ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​អញ​ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន

20. ទ្រង់​ក៏​បាន​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​នៅ​ពួក​អ៊ីស្រា‌អែល ហើយ​កណ្តាល​ពួក​មនុស្ស​ដទៃ​ផង ទ្រង់​ក៏​បាន​តាំង​កិត្តិ‌នាម​របស់​ទ្រង់​ឡើង​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

21. ហើយ​បាន​នាំ​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ទី​សំគាល់ និង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សំរេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ​ផង

22. ក៏​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​ដល់​គេ ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ ថា​នឹង​ឲ្យ​ដល់​គេ គឺ​ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

23. គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​១​ដែល​ទ្រង់​បាន​បង្គាប់​ដល់​គេ​ដែរ ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ

24. មើល ប្រដាប់​ចំបាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​ត‌យុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ

25. ហើយ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា ចូរ​ឯង​ទទួល​បញ្ចាំ​ចំការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។

26. លំដាប់​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យេរេមា​ថា

27. មើល អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ

28. ហេតុ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន

29. ពួក​ខាល់ដេ ដែល​ត‌យុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​ដង្វាយ​ច្រួច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង

30. ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់ នៅ​ភ្នែក​អញ តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

31. ទី​ក្រុង​នេះ​ជា​ទី​អុច‌អាល ឲ្យ​អញ​មាន​សេចក្តី​កំហឹង និង​ឃោរ‌ឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ បាន​ជា​គួរ​ឲ្យ​អញ​បំបាត់​ចេញ​ពី​មុខ​អញ​ទៅ

32. ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្តាល​ឲ្យ​អញ​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅ‌ហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​គ្នា​ផង

33. គេ​បាន​បែរ​ខ្នង​ឲ្យ​អញ មិន​មែន​ជា​មុខ​ឡើយ ហើយ​ទោះ​បើ​អញ​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ផង​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ស្តាប់​តាម ដើម្បី​នឹង​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​ដែរ

34. គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ

សូមអានជំពូកពេញលេញ យេរេមា 32