គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 32:15-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នឹង​មាន​គេ​បញ្ចាំ​ទាំង​ផ្ទះ និង​ចំការ ហើយ​នឹង​ដំណាំ​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ស្រុក​នេះ​ទៀត។

16. ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ថា

17. ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះ‌ពាហុ​ដ៏​លើក​សំរេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ

18. គឺ​ទ្រង់​សំដែង​សេចក្តី​សប្បុរស ដល់​មនុស្ស​ទាំង​ពាន់ៗ ហើយ​ក៏​សង​អំពើ​ទុច្ចរិត​របស់​ពួក​ព្ធយុ‌កោ ទៅ​លើ​ទ្រូង​នៃ​ពួក​កូន​ចៅ​គេ នៅ​តាម​ក្រោយ ទ្រង់​ជា​ព្រះ​ដ៏​ធំ​ហើយ​មាន​ឫទ្ធិ ព្រះ‌នាម​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

19. ទ្រង់​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ក្នុង​ការ​ធ្វើ ព្រះ‌នេត្រ​ទ្រង់​ទត​ឃើញ​អញ​ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន

20. ទ្រង់​ក៏​បាន​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​នៅ​ពួក​អ៊ីស្រា‌អែល ហើយ​កណ្តាល​ពួក​មនុស្ស​ដទៃ​ផង ទ្រង់​ក៏​បាន​តាំង​កិត្តិ‌នាម​របស់​ទ្រង់​ឡើង​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

21. ហើយ​បាន​នាំ​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ទី​សំគាល់ និង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សំរេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ​ផង

22. ក៏​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​ដល់​គេ ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ ថា​នឹង​ឲ្យ​ដល់​គេ គឺ​ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ

23. គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ឬ​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ទ្រង់​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​១​ដែល​ទ្រង់​បាន​បង្គាប់​ដល់​គេ​ដែរ ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ

24. មើល ប្រដាប់​ចំបាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​ត‌យុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ឯ​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ

25. ហើយ ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ថា ចូរ​ឯង​ទទួល​បញ្ចាំ​ចំការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។

សូមអានជំពូកពេញលេញ យេរេមា 32