គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 31:24-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. នោះ​ពួក​យូដា និង​អស់​អ្នក​នៅ​ទី​ក្រុង​របស់​គេ គឺ​ជា​ពួក​អ្នក​ធ្វើ​ស្រែ​ចំការ ហើយ​ពួក​អ្នក​ដែល​ឃ្វាល​ហ្វូង​សត្វ​ដែរ គេ​នឹង​នៅ​ទី​នោះ

25. ដ្បិត​អញ​បាន​ចំអែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ហើយ​ឯ​ព្រលឹង​ព្រួយ​លំបាក នោះ​អញ​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ

26. មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​មើល ការ​ដេក​លក់​របស់​ខ្ញុំ​បាន​ផ្អែម​ឆ្ងាញ់​ដល់​ខ្ញុំ​ណាស់

27. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​វង្ស​យូដា

28. រួច​ដែល​អញ​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង​កាច់​បំបាក់ រំលំ បំផ្លាញ​ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​អញ​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

29. នៅ​គ្រា​នោះ គេ​នឹង​លែង​និយាយ​ថា «ពួក​ឪពុក បាន​ស៊ី​ផ្លែ​មាន​រស​ជូរ ហើយ​ពួក​កូន ក៏​សង្កៀរ​ធ្មេញ»

30. គឺ​គ្រប់​គ្នា​នឹង​ត្រូវ​ស្លាប់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​រៀង​ខ្លួន​វិញ ឯ​អស់​អ្នក​ណា​ដែល​ស៊ី​ផ្លែ​មាន​រស​ជូរ គឺ​អ្នក​នោះ​ឯង​ដែល​នឹង​សង្កៀរ​ធ្មេញ​ទេ។

31. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​តាំង​សញ្ញា​ថ្មី នឹង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​វង្ស​យូដា

32. មិន​មែន​តាម​សញ្ញា​ដែល​អញ​បាន​តាំង​នឹង​ពួក​ព្ធយុ‌កោ​គេ នៅ​ថ្ងៃ​ដែល​អញ​បាន​ចាប់​ដៃ​ដឹក​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ទេ ជា​សេចក្តី​សញ្ញា​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​ផ្តាច់​ចេញ​ហើយ ទោះ​បើ​អញ​ជា​ប្ដី​ដល់​គេ​ក៏​ដោយ

33. គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សេចក្តី​សញ្ញា​ដែល​អញ​នឹង​តាំង​ចំពោះ​ពួក​វង្ស​អ៊ីស្រា‌អែល ក្នុង​ពេល​ក្រោយ​គ្រា​នោះ គឺ​យ៉ាង​ដូច្នេះ អញ​នឹង​ដាក់​ក្រឹត្យ‌វិន័យ​របស់​អញ នៅ​ខាង​ក្នុង​ខ្លួន​គេ ទាំង​ចារឹក​ទុក​ក្នុង​ចិត្ត​គេ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ហើយ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ

សូមអានជំពូកពេញលេញ យេរេមា 31