គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 31:19-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ក្រោយ​ដែល​ទ្រង់​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្តី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង​សេចក្តី​អាម៉ាស់​ខ្មាស​នៃ​វ័យ​នៅ​ក្មេង

20. តើ​អេប្រា‌អិម​ជា​កូន​សំឡាញ់​របស់​អញ​ឬ តើ​ជា​កូន​សំណប់​ឬ​អី ដ្បិត​ដែល​អញ​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​អញ​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ​ឯង ដូច្នេះ អញ​មាន​ចិត្ត​រំជួល​ដល់​វា ហើយ​នឹង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

21. ចូរ​ធ្វើ​ទី​សំគាល់​តាម​ផ្លូវ ហើយ​ដោត​ដំរុយ​ចុះ ចូរ​តាំង​ចិត្ត​ដំរង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​ឯង​បាន​ទៅ​តាម​នោះ ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​ឯង​ទាំង​នេះ​ចុះ

22. ឱ​កូន​ស្រី​ដែល​រា‌ថយ​អើយ ឯង​នឹង​នៅ​តែ​ដើរ​សាត់​អណ្តែត តើ​ដល់​កាល​ណា​ទៀត ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ការ​ថ្មី​នៅ​ផែនដី គឺ​មនុស្ស​ស្រី​នឹង​ឡោម‌ព័ទ្ធ​មនុស្ស​ប្រុស។

23. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​នាំ​ពួក​គេ ដែល​ជា​ឈ្លើយ​មក​វិញ នោះ​នៅ​ក្នុង​ស្រុក​យូដា ហើយ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​នោះ គេ​នឹង​និយាយ​ពាក្យ​នេះ​ឡើង​ជា​ថ្មី​ទៀត គឺ​ថា ឱ​ទី​លំនៅ​នៃ​សេចក្តី​សុចរិត ហើយ​ភ្នំ​នៃ​សេចក្តី​បរិសុទ្ធ​អើយ សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ឯង

24. នោះ​ពួក​យូដា និង​អស់​អ្នក​នៅ​ទី​ក្រុង​របស់​គេ គឺ​ជា​ពួក​អ្នក​ធ្វើ​ស្រែ​ចំការ ហើយ​ពួក​អ្នក​ដែល​ឃ្វាល​ហ្វូង​សត្វ​ដែរ គេ​នឹង​នៅ​ទី​នោះ

25. ដ្បិត​អញ​បាន​ចំអែត​ព្រលឹង​មនុស្ស​ដែល​ល្វើយ ហើយ​ឯ​ព្រលឹង​ព្រួយ​លំបាក នោះ​អញ​បាន​ឲ្យ​ស្កប់​ចិត្ត​ឡើង​វិញ

26. មក​ដល់​ត្រឹម​នេះ ខ្ញុំ​បាន​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​មើល ការ​ដេក​លក់​របស់​ខ្ញុំ​បាន​ផ្អែម​ឆ្ងាញ់​ដល់​ខ្ញុំ​ណាស់

27. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​យក​ពូជ​មនុស្ស និង​ពូជ​សត្វ​ព្រោះ​ចុះ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​នឹង​ពួក​វង្ស​យូដា

28. រួច​ដែល​អញ​បាន​មើល​គេ ដើម្បី​នឹង​ដក​រំលើង​កាច់​បំបាក់ រំលំ បំផ្លាញ​ហើយ​ធ្វើ​ទុក្ខ​ជា​យ៉ាង​ណា នោះ​អញ​នឹង​មើល​គេ ដើម្បី​នឹង​សង់​គេ​ឡើង ហើយ​ដាំ​គេ​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

29. នៅ​គ្រា​នោះ គេ​នឹង​លែង​និយាយ​ថា «ពួក​ឪពុក បាន​ស៊ី​ផ្លែ​មាន​រស​ជូរ ហើយ​ពួក​កូន ក៏​សង្កៀរ​ធ្មេញ»

សូមអានជំពូកពេញលេញ យេរេមា 31