គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 30:14-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. អស់​ទាំង​សហាយ​របស់​ឯង​បាន​ភ្លេច​ឯង​ហើយ គេ​មិន​រក​ឯង​ទៀត​ទេ ពី​ព្រោះ​អញ​បាន​វាយ​ឯង​ឲ្យ​របួស ដូច​ជា​ខ្មាំង​សត្រូវ​វាយ​ដែរ ហើយ​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​សាហាវ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចំរើន​ជា​ច្រើន​ឡើង​ហើយ

15. ហេតុ​អ្វី​បាន​ជា​ឯង​ស្រែក​ដោយ​ព្រោះ​ដំបៅ​ឯង​ដូច្នេះ សេចក្តី​ឈឺ​ចាប់​របស់​ឯង នោះ​មើល​មិន​ជា​ទេ អញ​បាន​ធ្វើ​ដល់​ឯង​យ៉ាង​នេះ ដោយ​ព្រោះ​ចំនួន​អំពើ​ទុច្ចរិត​របស់​ឯង​មាន​ច្រើន​ណាស់ បាប​ឯង​បាន​ចំរើន​ជា​ច្រើន​ឡើង​ហើយ

16. ដូច្នេះ អស់​អ្នក​ណា​ដែល​ត្របាក់​ស៊ី​ឯង នឹង​ត្រូវ​គេ​ត្របាក់​ស៊ី​វិញ ឯ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ឯង គេ​នឹង​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ​គ្រប់​គ្នា​ដែរ ពួក​អ្នក​ដែល​រឹប​ជាន់​ឯង នឹង​ត្រូវ​គេ​រឹប​ជាន់​ដូច​គ្នា ហើយ​អស់​អ្នក​ដែល​ប្លន់​ឯង នោះ​អញ​នឹង​ឲ្យ​ដល់​គេ ទុក​ជា​រំពា​វិញ

17. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មើល​ឯង​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​ឯង​បាន​សះ​ទៅ ពី​ព្រោះ​គេ​បាន​ហៅ​ឯង​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ក្រុង​ស៊ីយ៉ូន​ដែល​ឥត​មាន​អ្នក​ណា​ស្វែង​រក​សោះ។

18. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុប ឲ្យ​ត្រឡប់​មក​វិញ អញ​នឹង​មាន​សេចក្តី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញ នៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម

19. ក៏​នឹង​ឮ​ពាក្យ​អរ​ព្រះ‌គុណ និង​សំឡេង​អរ​សប្បាយ ចេញ​ពី​នោះ​មក​អញ​នឹង​ធ្វើ​ឲ្យ​គេ​ចំរើន​ឡើង គេ​នឹង​មិន​មាន​គ្នា​តិច​ឡើយ អញ​ក៏​នឹង​ធ្វើ​ឲ្យ​គេ​ថ្កុំ‌ថ្កើង​ឡើង​ដែរ គេ​នឹង​មិន​មែន​ជា​នគរ​តូច​ទាប​ទេ

20. កូន​ចៅ​របស់​គេ​នឹង​បាន​ដូច​ជា​កាល​ពី​ដើម ហើយ​ពួក​ជំនុំ​របស់​គេ នឹង​បាន​តាំង​ឡើង នៅ​ចំពោះ​អញ អញ​ធ្វើ​នឹង​ទោស ដល់​អស់​អ្នក​ណា ដែល​សង្កត់‌សង្កិន​គេ

21. ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅ‌ហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្តាល​ពួក​គេ​ដែរ អញ​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​អញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​អញ​ដូច្នេះ​ឬ

22. នោះ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា។

23. មើល ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្តី​ក្រោធ​របស់​ទ្រង់​បាន​ចេញ​មក​ហើយ គឺ​ជា​ខ្យល់​កួច​ដែល​បោស​រំលីង ខ្យល់​នោះ​នឹង​ធ្លាយ​មក​លើ​ក្បាល​របស់​ពួក​អាក្រក់

24. សេចក្តី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​មក​វិញ ដរាប​ដល់​ទ្រង់​បាន​ធ្វើ​សំរេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ ឯ​នៅ​គ្រា​ជាន់​ក្រោយ​បង្អស់ នោះ​ឯង​រាល់​គ្នា​នឹង​យល់​បាន។

សូមអានជំពូកពេញលេញ យេរេមា 30