1. នេះជាព្រះបន្ទូលដែលមកពីព្រះយេហូវ៉ា ដល់យេរេមាថា
2. ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះ ចូរឲ្យឯងសរសេរអស់ទាំងពាក្យ ចុះក្នុងសៀវភៅ ដូចអញបានប្រាប់ឯង
3. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងនាំរាស្ត្រអញ ជាពួកឈ្លើយនោះ គឺពួកអ៊ីស្រាអែល និងពួកយូដា ឲ្យត្រឡប់មកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អញនឹងធ្វើឲ្យគេវិលទៅឯស្រុក ដែលអញបានឲ្យដល់ពួកព្ធយុកោគេ ហើយគេនឹងបានស្រុកនោះ ជារបស់ផងខ្លួន។
4. នេះជាសេចក្តី ដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរពួកអ៊ីស្រាអែល និងពួកយូដា
5. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ យើងបានឮសំឡេងញាប់ញ័រ គឺមានសេចក្តីភិតភ័យ មិនមែនជាសេចក្តីសុខទេ
6. ចូរស៊ើបសួរឥឡូវ ឲ្យដឹង បើមនុស្សប្រុសដែលឈឺនឹងសំរាលកូនឬ ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់ កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសំរាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ
7. វរហើយ ដ្បិតថ្ងៃនោះជាថ្ងៃគួរស្បើម ដល់ម៉្លេះបានជាគ្មានថ្ងៃណាមួយឲ្យដូចឡើយ នោះជាគ្រាវេទនារបស់ពួកយ៉ាកុប ប៉ុន្តែគេនឹងបានប្រោសឲ្យរួចចេញពីគ្រានោះ
8. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះអញនឹងបំបាក់នឹមគេពីកឯងចេញ ហើយផ្តាច់ចំណងឯងផង នោះពួកសាសន៍ដទៃនឹងមិនចាប់ប្រើឯងជាបាវទៀតឡើយ
9. គឺឯងនឹងបំរើព្រះយេហូវ៉ា ជាព្រះនៃឯង និងដាវីឌ ជាស្តេចរបស់ឯង ជាអ្នកដែលអញនឹងបង្កើតឡើងដល់ឯង
10. ដូច្នេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱយ៉ាកុប ជាអ្នកបំរើអញអើយ កុំឲ្យខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តដែរ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ពីចំងាយ និងពូជពង្សឯង ឲ្យរួចពីស្រុកដែលគេនៅជាឈ្លើយនោះផង នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនឹងនៅដោយសុខស្រួល និងសេចក្តីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ
11. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនៅជាមួយ ដើម្បីនឹងជួយសង្គ្រោះឯង ពីព្រោះអញនឹងធ្វើឲ្យអស់ទាំងនគរ ដែលអញបានកំចាត់កំចាយឯងទៅនោះត្រូវផុតអស់រលីងទៅ តែមិនធ្វើឲ្យឯងផុតទេ គឺអញនឹងវាយផ្ចាលឯងតាមខ្នាតវិញ អញនឹងមិនបណ្តោយឲ្យឯងនៅដោយឥតវាយផ្ចាលឡើយ។
12. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថាដំបៅឯងមើលមិនជាទេ ហើយរបួសឯងក៏ធ្ងន់ណាស់ផង
13. គ្មានអ្នកណានឹងកាន់ក្តីឯង ដើម្បីនឹងរុំរបួសឯងសោះ ឯងក៏គ្មានថ្នាំណាផ្សះផង
14. អស់ទាំងសហាយរបស់ឯងបានភ្លេចឯងហើយ គេមិនរកឯងទៀតទេ ពីព្រោះអញបានវាយឯងឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលឯង ដូចជាមនុស្សសាហាវ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចំរើនជាច្រើនឡើងហើយ
15. ហេតុអ្វីបានជាឯងស្រែកដោយព្រោះដំបៅឯងដូច្នេះ សេចក្តីឈឺចាប់របស់ឯង នោះមើលមិនជាទេ អញបានធ្វើដល់ឯងយ៉ាងនេះ ដោយព្រោះចំនួនអំពើទុច្ចរិតរបស់ឯងមានច្រើនណាស់ បាបឯងបានចំរើនជាច្រើនឡើងហើយ