គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 30:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា​ថា

2. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ឲ្យ​ឯង​សរសេរ​អស់​ទាំង​ពាក្យ ចុះ​ក្នុង​សៀវភៅ ដូច​អញ​បាន​ប្រាប់​ឯង

3. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​នាំ​រាស្ត្រ​អញ ជា​ពួក​ឈ្លើយ​នោះ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ឲ្យ​ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា អញ​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ឯ​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ ជា​របស់​ផង​ខ្លួន។

4. នេះ​ជា​សេចក្តី ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា

5. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​សំឡេង​ញាប់‌ញ័រ គឺ​មាន​សេចក្តី​ភិត‌ភ័យ មិន​មែន​ជា​សេចក្តី​សុខ​ទេ

6. ចូរ​ស៊ើប​សួរ​ឥឡូវ ឲ្យ​ដឹង បើ​មនុស្ស​ប្រុស​ដែល​ឈឺ​នឹង​សំរាល​កូន​ឬ ចុះ​ហេតុ​អ្វី​បាន​ជា​ឃើញ​ប្រុសៗ​ទាំង​អស់ កំពុង​តែ​យក​ដៃ​ស្ទឹម​ចុច​ចង្កេះ ដូច​ជា​ស្រី​ដែល​ឈឺ​ចាប់ ហៀប​នឹង​សំរាល​កូន ហើយ​មុខ​គេ​ក៏​ស្លេក‌ស្លាំង​គ្រប់​គ្នា​ដូច្នេះ

7. វរ‌ហើយ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​គួរ​ស្បើម ដល់‌ម៉្លេះ​បាន​ជា​គ្មាន​ថ្ងៃ​ណា​មួយ​ឲ្យ​ដូច​ឡើយ នោះ​ជា​គ្រា​វេទនា​របស់​ពួក​យ៉ាកុប ប៉ុន្តែ​គេ​នឹង​បាន​ប្រោស​ឲ្យ​រួច​ចេញ​ពី​គ្រា​នោះ

8. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​បំបាក់​នឹម​គេ​ពី​ក​ឯង​ចេញ ហើយ​ផ្តាច់​ចំណង​ឯង​ផង នោះ​ពួក​សាសន៍​ដទៃ​នឹង​មិន​ចាប់​ប្រើ​ឯង​ជា​បាវ​ទៀត​ឡើយ

9. គឺ​ឯង​នឹង​បំរើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ដាវីឌ ជា​ស្តេច​របស់​ឯង ជា​អ្នក​ដែល​អញ​នឹង​បង្កើត​ឡើង​ដល់​ឯង

10. ដូច្នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​យ៉ាកុប ជា​អ្នក​បំរើ​អញ​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​អ៊ីស្រា‌អែល​អើយ កុំ​ឲ្យ​ស្រយុត​ចិត្ត​ដែរ ដ្បិត​មើល អញ​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ចំងាយ និង​ពូជ‌ពង្ស​ឯង ឲ្យ​រួច​ពី​ស្រុក​ដែល​គេ​នៅ​ជា​ឈ្លើយ​នោះ​ផង នោះ​ពួក​យ៉ាកុប​នឹង​វិល​ត្រឡប់​មក​វិញ ហើយ​នឹង​នៅ​ដោយ​សុខ​ស្រួល និង​សេចក្តី​ស្ងប់‌ស្ងាត់ ឥត​មាន​អ្នក​ណា​បំភ័យ​ឡើយ

11. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នៅ​ជា​មួយ ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ពី​ព្រោះ​អញ​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​នគរ ដែល​អញ​បាន​កំចាត់‌កំចាយ​ឯង​ទៅ​នោះ​ត្រូវ​ផុត​អស់​រលីង​ទៅ តែ​មិន​ធ្វើ​ឲ្យ​ឯង​ផុត​ទេ គឺ​អញ​នឹង​វាយ‌ផ្ចាល​ឯង​តាម​ខ្នាត​វិញ អញ​នឹង​មិន​បណ្តោយ​ឲ្យ​ឯង​នៅ​ដោយ​ឥត​វាយ‌ផ្ចាល​ឡើយ។

12. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា​ដំបៅ​ឯង​មើល​មិន​ជា​ទេ ហើយ​របួស​ឯង​ក៏​ធ្ងន់​ណាស់​ផង

13. គ្មាន​អ្នក​ណា​នឹង​កាន់​ក្តី​ឯង ដើម្បី​នឹង​រុំ​របួស​ឯង​សោះ ឯង​ក៏​គ្មាន​ថ្នាំ​ណា​ផ្សះ​ផង

សូមអានជំពូកពេញលេញ យេរេមា 30