គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 3:7-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ នោះ​អញ​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​ឯ​អញ​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ

8. ហើយ​អញ​បាន​ឃើញ​ថា ទោះ​បើ​អញ​បាន​លាក‌លែង​អ៊ីស្រា‌អែល​ជា​ពួក​រា‌ថយ​នោះ ព្រម​ទាំង​ឲ្យ​សំបុត្រ​លះ‌លែង​ដល់​គេ​ហើយ ដោយ​ព្រោះ​គេ​តែង​ប្រព្រឹត្ត​សេចក្តី​កំផិត​នោះ គង់​តែ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​ការ​កំផិត​ដូច​គ្នា

9. ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយ​សព្ទ​រន្ទឺ​នៃ​ការ​កំផិត​របស់​គេ គឺ​បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​ដុំ​ថ្ម ហើយ​នឹង​ដុំ​ឈើ​ផង

10. ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

11. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ៊ីស្រា‌អែល​ជា​ពួក​រា‌ថយ​នោះ គេ​បាន​សំដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ ទៅ​ទៀត

12. ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​អ៊ីស្រា‌អែល ជា​ពួក​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មិន​បំភ័យ​ឯង​ដោយ​ទឹក​មុខ​អញ​ទេ ដ្បិត​អញ​មាន​សេចក្តី​មេត្តា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ

13. ឲ្យ​ឯង​គ្រាន់​តែ​ទទួល​ព្រម​ថា ឯង​មាន​សេចក្តី​ទុច្ចរិត​មែន​ប៉ុណ្ណេះ ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​បាន​ចែក​អំពើ​គោរព​របស់​ឯង ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​ក្មេងៗ​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​អញ​ជា​ប្ដី​ដល់​ឯង​រាល់​គ្នា​ហើយ នោះ​អញ​នឹង​យក​ឯង​រាល់​គ្នា ម្នាក់​ពី​ក្រុង​១ ហើយ​២​នាក់​ពី​ពូជ​អំបូរ​១ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន​វិញ

សូមអានជំពូកពេញលេញ យេរេមា 3