2. ចូរងើបភ្នែកឡើងទៅឯទីខ្ពស់ទាំងប៉ុន្មាន ហើយមើលកន្លែងណា ដែលគេមិនបានដេកនឹងឯងនោះ គឺឯងបានអង្គុយចាំគេតាមផ្លូវ ដូចជាសាសន៍អារ៉ាប់នៅទីរហោស្ថានដែរ ហើយឯងបានធ្វើឲ្យស្រុកអាប់ឱនទៅ ដោយការកំផិត និងអំពើទុច្ចរិតរបស់ឯង
3. ហេតុនោះបានជាឥតមានភ្លៀង១មេៗឡើយ ហើយភ្លៀងចុងរដូវក៏គ្មានដែរ ម៉្លឹងហើយ គង់តែឯងនៅមានមុខងងើលដូចជាស្រីសំផឹងទៀត ឯងមិនព្រមអៀនខ្មាសសោះ
4. ឥឡូវនេះ តើឯងមិនចង់អំពាវនាវរកអញវិញទេឬអី ដោយថា ឱព្រះវរបិតានៃខ្ញុំម្ចាស់អើយ ទ្រង់ជាព្រះដ៏ដឹកនាំខ្ញុំម្ចាស់ពីកាលនៅក្មេង
5. តើទ្រង់នឹងនៅតែខ្ញាល់ជាដរាបឬ តើទ្រង់នឹងមានព្រះហឫទ័យក្តៅ ដរាបដល់ចុងបំផុតឬអី តែមើល ឯងបាននិយាយ ហើយប្រព្រឹត្តអំពើអាក្រក់តាមតែកំឡាំងចិត្តទេ។
6. មួយទៀត នៅក្នុងគ្រាស្តេចយ៉ូសៀស ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំថា តើបានឃើញការដែលអ៊ីស្រាអែល ជាពួករាថយនោះបានប្រព្រឹត្តឬទេ គឺគេបានឡើងទៅលើគ្រប់ទាំងភ្នំខ្ពស់ៗ និងនៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយបានប្រព្រឹត្តសេចក្តីកំផិតនៅទីនោះ
7. លុះក្រោយដែលគេបានប្រព្រឹត្តអំពើទាំងនោះហើយ នោះអញបាននិយាយថា ចូរឲ្យគេវិលត្រឡប់មកឯអញវិញ តែគេមិនបានវិលមកទេ ហើយយូដា ជាប្អូនគេ ដែលមានចិត្តក្បត់ក៏បានឃើញដែរ