គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 3:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ៊ីស្រា‌អែល​ជា​ពួក​រា‌ថយ​នោះ គេ​បាន​សំដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ ទៅ​ទៀត

12. ចូរ​ទៅ​ប្រកាស​ប្រាប់​ពាក្យ​ទាំង​នេះ​ទៅ​ទិស​ខាង​ជើង ដោយ​ពាក្យ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​អ៊ីស្រា‌អែល ជា​ពួក​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មិន​បំភ័យ​ឯង​ដោយ​ទឹក​មុខ​អញ​ទេ ដ្បិត​អញ​មាន​សេចក្តី​មេត្តា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​មិន​ក្រោធ​ជា​ដរាប​ឡើយ

13. ឲ្យ​ឯង​គ្រាន់​តែ​ទទួល​ព្រម​ថា ឯង​មាន​សេចក្តី​ទុច្ចរិត​មែន​ប៉ុណ្ណេះ ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​បាន​ចែក​អំពើ​គោរព​របស់​ឯង ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​ក្មេងៗ​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​អញ​ជា​ប្ដី​ដល់​ឯង​រាល់​គ្នា​ហើយ នោះ​អញ​នឹង​យក​ឯង​រាល់​គ្នា ម្នាក់​ពី​ក្រុង​១ ហើយ​២​នាក់​ពី​ពូជ​អំបូរ​១ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​ស៊ីយ៉ូន​វិញ

15. រួច​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា មាន​អ្នក​គ្រប់​គ្រង​ដែល​គាប់​ចិត្ត​អញ ជា​អ្នក​ដែល​នឹង​ឃ្វាល​ឯង​រាល់​គ្នា​ដោយ​ដំរិះ និង​យោបល់

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ កាល​ណា​ឯង​រាល់​គ្នា​បាន​ចំរើន​មាន​គ្នា​ច្រើន​ឡើង​នៅ​ក្នុង​ស្រុក នោះ​គេ​នឹង​លែង​ចេញ​ពាក្យ​ថា ហឹប​នៃ​សេចក្តី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ហឹប​នោះ​ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​គេ ហើយ​គេ​មិន​ដែល​នឹក​ចាំ ឬ​រឭក​រក ក៏​មិន​ដែល​មាន​អ្នក​ណា​ធ្វើ​ឡើង​វិញ ដរាប​ត​ទៅ

17. នៅ​គ្រា​នោះ គេ​នឹង​ហៅ​ក្រុង​យេរូ‌សាឡិម​ថា ជា​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​សាសន៍​នឹង​មូល​គ្នា មក​ឯ​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ក្នុង​ក្រុង​យេរូ‌សាឡិម គេ​នឹង​មិន​ដើរ​តាម​សេចក្តី​រឹង‌ចចេស នៃ​ចិត្ត​អាក្រក់​របស់​គេ​ទៀត​ឡើយ

18. នៅ​គ្រា​នោះ ពួក​វង្ស​យូដា​នឹង​ដើរ​ជា​មួយ​នឹង​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា​មួយ​គ្នា មក​ឯ​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុ‌កោ​របស់​ឯង​ទុក​ជា​មរដក។

19. តែ​អញ​បាន​នឹក​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​អញ​ដាក់​ឯង​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​បាន ព្រម​ទាំង​ឲ្យ​ស្រុក​ដ៏​គាប់​ចិត្ត គឺ​ជា​មរដក​យ៉ាង​ល្អ​របស់​ពួក​កក‌កុញ នៅ​អស់​ទាំង​សាសន៍​ដល់​ឯង​ផង នោះ​អញ​បាន​ឆ្លើយ​ថា ឯង​រាល់​គ្នា​នឹង​ហៅ​អញ​ថា​ជា​ព្រះ‌វរ‌បិតា​របស់​ឯង ក៏​នឹង​លែង​ងាក​បែរ​ចេញ​ពី​អញ​ត​ទៅ

20. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ពិត​ប្រាកដ​ជា​ឯង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ចំពោះ​អញ ប្រៀប​ដូច​ជា​ប្រពន្ធ​ប្រព្រឹត្ត​ក្បត់​ចាក​ចោល​ប្ដី​ខ្លួន

21. មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​យំ ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន​ទៅ

22. ឱ​ពួក​កូន​ដែល​រា‌ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ អញ​នឹង​មើល​អស់​ទាំង​អំពើ​រា‌ថយ​របស់​ឯង ឲ្យ​បាន​ជា​ឡើង​មើល យើង​ខ្ញុំ​រាល់​គ្នា​មក​ឯ​ទ្រង់​ហើយ ដ្បិត​ទ្រង់​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា

សូមអានជំពូកពេញលេញ យេរេមា 3