គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 3:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​មនុស្ស​ណា​លះ​លែង​ប្រពន្ធ ហើយ​នាង​បាន​ចេញ​ពី​អ្នក​នោះ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​អ្នក​ដទៃ​ណា នោះ​តើ​ដែល​ត្រឡប់​ទៅ​នៅ​ជា​មួយ​នឹង​នាង​នោះ​ទៀត​ដែរ​ឬ តើ​ស្រុក​យ៉ាង​នោះ​មិន​ត្រូវ​អាប់‌ឱន​ជា​ខ្លាំង​ទេ​ឬ​អី ឯ​ឯង​វិញ ឯង​បាន​ផិត​អញ​ដោយ​មាន​សហាយ​ជា​ច្រើន ប៉ុន្តែ​ចូរ​ត្រឡប់​មក​ឯ​អញ​វិញ​ចុះ

2. ចូរ​ងើប​ភ្នែក​ឡើង​ទៅ​ឯ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន ហើយ​មើល​កន្លែង​ណា ដែល​គេ​មិន​បាន​ដេក​នឹង​ឯង​នោះ គឺ​ឯង​បាន​អង្គុយ​ចាំ​គេ​តាម​ផ្លូវ ដូច​ជា​សាសន៍​អារ៉ាប់​នៅ​ទី​រហោ‌ស្ថាន​ដែរ ហើយ​ឯង​បាន​ធ្វើ​ឲ្យ​ស្រុក​អាប់‌ឱន​ទៅ ដោយ​ការ​កំផិត និង​អំពើ​ទុច្ចរិត​របស់​ឯង

3. ហេតុ​នោះ​បាន​ជា​ឥត​មាន​ភ្លៀង​១​មេៗ​ឡើយ ហើយ​ភ្លៀង​ចុង​រដូវ​ក៏​គ្មាន​ដែរ ម៉្លឹង​ហើយ គង់​តែ​ឯង​នៅ​មាន​មុខ​ងងើល​ដូច​ជា​ស្រី​សំផឹង​ទៀត ឯង​មិន​ព្រម​អៀន‌ខ្មាស​សោះ

4. ឥឡូវ​នេះ តើ​ឯង​មិន​ចង់​អំពាវ‌នាវ​រក​អញ​វិញ​ទេ​ឬ​អី ដោយ​ថា ឱ​ព្រះ‌វរ‌បិតា​នៃ​ខ្ញុំ​ម្ចាស់​អើយ ទ្រង់​ជា​ព្រះ​ដ៏​ដឹក‌នាំ​ខ្ញុំ​ម្ចាស់​ពី​កាល​នៅ​ក្មេង

5. តើ​ទ្រង់​នឹង​នៅ​តែ​ខ្ញាល់​ជា​ដរាប​ឬ តើ​ទ្រង់​នឹង​មាន​ព្រះ‌ហឫ‌ទ័យ​ក្តៅ ដរាប​ដល់​ចុង​បំផុត​ឬ​អី តែ​មើល ឯង​បាន​និយាយ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​តាម​តែ​កំឡាំង​ចិត្ត​ទេ។

6. មួយ​ទៀត នៅ​ក្នុង​គ្រា​ស្តេច​យ៉ូសៀស ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា តើ​បាន​ឃើញ​ការ​ដែល​អ៊ីស្រា‌អែល ជា​ពួក​រា‌ថយ​នោះ​បាន​ប្រព្រឹត្ត​ឬ​ទេ គឺ​គេ​បាន​ឡើង​ទៅ​លើ​គ្រប់​ទាំង​ភ្នំ​ខ្ពស់ៗ និង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នៅ​ទី​នោះ

7. លុះ​ក្រោយ​ដែល​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ នោះ​អញ​បាន​និយាយ​ថា ចូរ​ឲ្យ​គេ​វិល​ត្រឡប់​មក​ឯ​អញ​វិញ តែ​គេ​មិន​បាន​វិល​មក​ទេ ហើយ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​ក៏​បាន​ឃើញ​ដែរ

8. ហើយ​អញ​បាន​ឃើញ​ថា ទោះ​បើ​អញ​បាន​លាក‌លែង​អ៊ីស្រា‌អែល​ជា​ពួក​រា‌ថយ​នោះ ព្រម​ទាំង​ឲ្យ​សំបុត្រ​លះ‌លែង​ដល់​គេ​ហើយ ដោយ​ព្រោះ​គេ​តែង​ប្រព្រឹត្ត​សេចក្តី​កំផិត​នោះ គង់​តែ​យូដា ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​មិន​បាន​ខ្លាច​ដែរ គឺ​បាន​ទៅ​ប្រព្រឹត្ត​ការ​កំផិត​ដូច​គ្នា

9. ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយ​សព្ទ​រន្ទឺ​នៃ​ការ​កំផិត​របស់​គេ គឺ​បាន​ប្រព្រឹត្ត​សេចក្តី​កំផិត​នឹង​ដុំ​ថ្ម ហើយ​នឹង​ដុំ​ឈើ​ផង

10. ទោះ​បើ​មាន​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យូដា​ជា​ប្អូន​គេ ដែល​មាន​ចិត្ត​ក្បត់​នោះ មិន​បាន​វិល​មក​ឯ​អញ​ដោយ​អស់​ពី​ចិត្ត​ដែរ គឺ​មាន​ពុត‌ត្បុត​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

11. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា អ៊ីស្រា‌អែល​ជា​ពួក​រា‌ថយ​នោះ គេ​បាន​សំដែង​ខ្លួន​ជា​សុចរិត ជា​ជាង​ពួក​យូដា ដែល​មាន​ចិត្ត​ក្បត់​នោះ ទៅ​ទៀត

សូមអានជំពូកពេញលេញ យេរេមា 3