គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ

7. ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹក‌នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្តី​សុខ​របស់​ក្រុង​នោះ ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សុខ​ដែរ

8. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូ​ទាយ​របស់​ឯង ដែល​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា​បញ្ឆោត​ឯង​ឡើយ ក៏​កុំ​ឲ្យ​ស្តាប់​តាម​សប្តិ​របស់​ឯង ដែល​ឯង​រាល់​គ្នា​បាន​យល់‌សប្តិ​នោះ​ដែរ

9. ដ្បិត​គេ​ទាយ​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​អញ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ​ឡើយ

10. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ លុះ​កាល​បាន​សំរេច​គ្រប់​៧០​ឆ្នាំ​នៅ​ស្រុក​បាប៊ីឡូន​ហើយ នោះ​អញ​នឹង​ប្រោស​ឯង​រាល់​គ្នា ហើយ​នឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់​គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយ​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិល​មក​ឯ​ទី​នេះ​វិញ

11. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម

12. នោះ​ឯង​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​អញ ហើយ​នឹង​ទៅ​អធិស្ឋាន​ដល់​អញ រួច​អញ​នឹង​យល់​ព្រម​តាម

13. ឯង​រាល់​គ្នា​នឹង​ស្វែង​រក​អញ ហើយ​នឹង​ឃើញ​ផង គឺ​កាល​ណា​ឯង​ស្វែង​រក​អញ​ឲ្យ​អស់​អំពី​ចិត្ត

14. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​នឹង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ និង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្តេញ​ឯង នាំ​វិល​ត្រឡប់​មក​ឯ​កន្លែង​ដែល​អញ​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

15. ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ

16. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ហើយ​ពី​ដំណើរ​ជន​ទាំង‌ឡាយ​ដែល​អាស្រ័យ​នៅ​ទី​ក្រុង​នេះ គឺ​ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ

សូមអានជំពូកពេញលេញ យេរេមា 29