គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:22-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. ហើយ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្តាសា​ដល់​អ្នក​ដទៃ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​នឹង​ភ្លើង​នោះ​ចុះ

23. ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចំកួត​ក្នុង​ពួក​អ៊ីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​អញ​ជា​សេចក្តី​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​អញ​ហើយ​ដែល​ដឹង អញ​ជា​ទី​បន្ទាល់​ពិត។

24. រីឯ​ដំណើរ​សេម៉ាយ៉ា ជា​អ្នក​នៅ​ស្រុក​នេហេលេម នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា

25. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​ឯង ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ដល់​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា

26. ព្រះ‌យេហូវ៉ា ទ្រង់​បាន​តាំង​ឯង​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​ឯង​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ

27. ចុះ​ហេតុ​អ្វី​បាន​ជា​មិន​បាន​បន្ទោស​ដល់​យេរេមា ដែល​នៅ​ក្រុង​អាណាថោត ជា​អ្នក​ដែល​តាំង​ខ្លួន​ឡើង​ជា​ហោរា​ដល់​លោក​រាល់​គ្នា​នោះ

28. ពី​ព្រោះ​វា​បាន​ផ្ញើ​សំបុត្រ​ទៅ​យើង​រាល់​គ្នា នៅ​ឯ​ស្រុក​បាប៊ីឡូន ប្រាប់​ថា ដំណើរ​នេះ​នឹង​ត្រូវ​យូរ​នៅ ចូរ​ធ្វើ​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​ទៅ

29. ឯ​សេផានា​ដ៏​ជា​សង្ឃ ក៏​អាន​មើល​សំបុត្រ​នោះ ឲ្យ​ហោរា​យេរេមា​ស្តាប់

30. ខណៈ​នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​យេរេមា​ដូច្នេះ

31. ចូរ​ផ្ញើ​ទៅ​ប្រាប់​ដល់​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សេម៉ាយ៉ា​ជា​អ្នក​ដែល​មក​ពី​ស្រុក​នេហេលេម​ថា ដោយ​ព្រោះ​សេម៉ាយ៉ា ជា​អ្នក​ដែល​អញ​មិន​បាន​ចាត់​ប្រើ​ឡើយ បាន​ទាយ​ដល់​ឯង​រាល់​គ្នា ហើយ​បាន​នាំ​ឲ្យ​ឯង​រាល់​គ្នា​ទុក​ចិត្ត​ចំពោះ​សេចក្តី​កំភូត

32. បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ធ្វើ​ទោស​ដល់​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេលេម ព្រម​ទាំង​ពូជ‌ពង្ស​គេ​ផង គេ​នឹង​គ្មាន​ពូជ​ណា​អាស្រ័យ​នៅ​កណ្តាល​ជន‌ជាតិ​នេះ​ឡើយ ក៏​នឹង​មិន​ឃើញ​ការ​ល្អ​ដែល​អញ​នឹង​ប្រោស​ដល់​រាស្ត្រ​អញ​ដែរ ពី​ព្រោះ​គេ​បាន​ពោល​ជា​សេចក្តី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមអានជំពូកពេញលេញ យេរេមា 29