គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:2-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. គឺ​ក្នុង​គ្រា​ក្រោយ​ដែល​ស្តេច​យេកូនាស និង​អគ្គ‌មហេសី ពួក​សេនាបតី ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​អស់​ហើយ

3. លោក​ផ្ញើ​សំបុត្រ​នោះ​ដោយ‌សារ​ដៃ​អេលាសារ ជា​កូន​សាផាន និង​កេម៉ារា ជា​កូន​ហ៊ីល‌គីយ៉ា ជា​អ្នក​ដែល​សេដេគា ស្តេច​យូដា​បាន​ចាត់​ទៅ​ឯ​ស្រុក​បាប៊ីឡូន ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​ស្រុក​នោះ​ថា

4. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ពួក​ឈ្លើយ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ឲ្យ​គេ​ដឹក​ជា​ឈ្លើយ ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដល់​ស្រុក​បាប៊ីឡូន​ថា

5. ចូរ​ឲ្យ​ឯង​រាល់​គ្នា​សង់​ផ្ទះ ហើយ​អាស្រ័យ​នៅ​ចុះ ចូរ​ដាំ​ដំណាំ ហើយ​ស៊ី​ផល​នោះ​ទៅ

6. ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ

7. ចូរ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ទី​ក្រុង ដែល​អញ​បាន​ឲ្យ​គេ​ដឹក‌នាំ​ឯង​ទៅ​នៅ​ជា​ឈ្លើយ​នោះ បាន​សេចក្តី​សុខ ហើយ​ត្រូវ​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​ទី​នោះ​ផង ដ្បិត​ក្នុង​សេចក្តី​សុខ​របស់​ក្រុង​នោះ ឯង​រាល់​គ្នា​នឹង​បាន​សេចក្តី​សុខ​ដែរ

8. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ កុំ​ឲ្យ​ពួក​ហោរា និង​ពួក​គ្រូ​ទាយ​របស់​ឯង ដែល​នៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា​បញ្ឆោត​ឯង​ឡើយ ក៏​កុំ​ឲ្យ​ស្តាប់​តាម​សប្តិ​របស់​ឯង ដែល​ឯង​រាល់​គ្នា​បាន​យល់‌សប្តិ​នោះ​ដែរ

9. ដ្បិត​គេ​ទាយ​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ឈ្មោះ​អញ​ទេ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ​ឡើយ

សូមអានជំពូកពេញលេញ យេរេមា 29