គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 29:14-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​រក​អញ​ឃើញ អញ​នឹង​ដោះ​ឯង​រាល់​គ្នា​ឲ្យ​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ហើយ​នឹង​ប្រមូល​ឯង​ពី​គ្រប់​ទាំង​សាសន៍ និង​ពី​គ្រប់​កន្លែង​ណា​ដែល​អញ​បាន​បណ្តេញ​ឯង នាំ​វិល​ត្រឡប់​មក​ឯ​កន្លែង​ដែល​អញ​បាន​ឲ្យ​គេ​ចាប់​ទៅ​ជា​ឈ្លើយ​នោះ​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

15. ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ

16. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពី​ដំណើរ​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ ហើយ​ពី​ដំណើរ​ជន​ទាំង‌ឡាយ​ដែល​អាស្រ័យ​នៅ​ទី​ក្រុង​នេះ គឺ​ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ទេ

17. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​ចាត់​ដាវ សេចក្តី​អំណត់‌អត់ និង​អាសន្ន‌រោគ​មក​លើ​គេ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅ​ដូច​ជា​ផ្លែ​ល្វា​អាក្រក់ ដែល​បរិភោគ​មិន​បាន

18. ហើយ​អញ​នឹង​ដេញ​តាម​គេ ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ ព្រម​ទាំង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​រសាត់​អណ្តែត នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ឲ្យ​បាន​ជា​ទី​ផ្តាសា ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ និង​ជា​ទី​ត្មះ‌តិះដៀល​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដែល​អញ​នឹង​បណ្តេញ​គេ​នោះ

19. គឺ​ដោយ​ព្រោះ​គេ​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ចាត់​ពួក​ហោរា ជា​អ្នក​បំរើ​របស់​អញ​ទៅ​ឯ​គេ ព្រម​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង តែ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​សោះ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

20. ដូច្នេះ ឯង​រាល់​គ្នា ជា​ពួក​ឈ្លើយ ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

21. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ទាយ​ជា​សេចក្តី​កុហក​ដល់​ឯង​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ទ្រង់ គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល​អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សំឡាប់​អ្នក​ទាំង​២​នោះ​នៅ​មុខ​ឯង​រាល់​គ្នា

22. ហើយ​ពួក​ឈ្លើយ ជា​សាសន៍​យូដា ដែល​នៅ​ក្រុង​បាប៊ីឡូន នឹង​យក​រឿង​នោះ​ប្រើ​ជា​ពាក្យ​ផ្តាសា​ដល់​អ្នក​ដទៃ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​សេដេគា និង​អ័ហាប់ ដែល​ស្តេច​បាប៊ីឡូន​បាន​ឆ្អើរ​នឹង​ភ្លើង​នោះ​ចុះ

23. ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​ចំកួត​ក្នុង​ពួក​អ៊ីស្រា‌អែល គេ​បាន​សហាយ‌ស្មន់​នឹង​ប្រពន្ធ​របស់​អ្នក​ជិត​ខាង ហើយ​ពោល​ពាក្យ​កុហក ដោយ​នូវ​ឈ្មោះ​អញ​ជា​សេចក្តី​ដែល​អញ​មិន​បាន​បង្គាប់​ដល់​គេ​ឡើយ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គឺ​អញ​ហើយ​ដែល​ដឹង អញ​ជា​ទី​បន្ទាល់​ពិត។

24. រីឯ​ដំណើរ​សេម៉ាយ៉ា ជា​អ្នក​នៅ​ស្រុក​នេហេលេម នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា

25. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​បាន​ធ្វើ​សំបុត្រ​ដោយ​នូវ​ឈ្មោះ​ខ្លួន​ឯង ផ្ញើ​ដល់​អស់​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម និង​ដល់​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ ហើយ​ដល់​ពួក​សង្ឃ​ទាំង​អស់​ផង​ថា

26. ព្រះ‌យេហូវ៉ា ទ្រង់​បាន​តាំង​ឯង​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ប្រយោជន៍​ឲ្យ​ឯង​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ

សូមអានជំពូកពេញលេញ យេរេមា 29