1. នេះឯងជាសេចក្តីចុះក្នុងសំបុត្រ ដែលហោរាយេរេមាបានផ្ញើពីក្រុងយេរូសាឡិម ទៅឯសំណល់ពួកចាស់ទុំ ក្នុងពួកដែលត្រូវដឹកទៅជាឈ្លើយ ហើយនឹងពួកសង្ឃ ពួកហោរា និងបណ្តាជនទាំងអស់ ដែលនេប៊ូក្នេសាបានដឹកជាឈ្លើយ ពីក្រុងយេរូសាឡិមទៅឯស្រុកបាប៊ីឡូន
2. គឺក្នុងគ្រាក្រោយដែលស្តេចយេកូនាស និងអគ្គមហេសី ពួកសេនាបតី ពួកចៅហ្វាយនៃស្រុកយូដា និងក្រុងយេរូសាឡិម ព្រមទាំងពួកជាងឈើ និងជាងដែក បានចេញពីក្រុងយេរូសាឡិមអស់ហើយ
3. លោកផ្ញើសំបុត្រនោះដោយសារដៃអេលាសារ ជាកូនសាផាន និងកេម៉ារា ជាកូនហ៊ីលគីយ៉ា ជាអ្នកដែលសេដេគា ស្តេចយូដាបានចាត់ទៅឯស្រុកបាប៊ីឡូន ដល់នេប៊ូក្នេសា ជាស្តេចស្រុកនោះថា
4. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដល់ពួកឈ្លើយទាំងប៉ុន្មាន ដែលទ្រង់បានឲ្យគេដឹកជាឈ្លើយ ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនថា
5. ចូរឲ្យឯងរាល់គ្នាសង់ផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលនោះទៅ
6. ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសឯង ហើយលើកកូនស្រីរបស់ឯងឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចំរើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនឯងឡើយ
7. ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្តីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្តីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្តីសុខដែរ