32. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មើល សេចក្តីអាក្រក់នឹងចេញពីនគរ១ដល់នគរ១ ហើយនឹងកើតមានព្យុះសង្ឃរាយ៉ាងសំបើម មកពីចុងផែនដីបំផុត
33. នៅថ្ងៃនោះ សាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញ ពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី
34. ឱពួកអ្នកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ ឱពួកជាប្រធានក្នុងហ្វូងអើយ ចូរដេកននៀលក្នុងផេះចុះ ដ្បិតគ្រាដែលសំឡេះឯង ហើយកំចាត់កំចាយឯង បានមកដល់ហើយ ឯងរាល់គ្នានឹងត្រូវធ្លាក់ចុះ ដូចជាភាជនៈមានដំឡៃ
35. ឯពួកអ្នកគង្វាល នឹងគ្មានផ្លូវណារត់ឲ្យរួចឡើយ ហើយពួកដែលជាប្រធានក្នុងហ្វូង ក៏ឥតមានផ្លូវនឹងរួចបានដែរ
36. មានឮសំរែកនៃពួកអ្នកគង្វាល និងសូរទ្រហោយំ របស់ពួកជាប្រធានក្នុងហ្វូង ពីព្រោះព្រះយេហូវ៉ា ទ្រង់បំផ្លាញទីឃ្វាលរបស់គេ
37. ហើយក្រោលសុខសាន្តទាំងប៉ុន្មានបានត្រឡប់ជាស្ងាត់ច្រៀប ដោយព្រោះសេចក្តីខ្ញាល់ដ៏សហ័សនៃព្រះយេហូវ៉ា
38. ទ្រង់បានចេញពីទីលំនៅរបស់ទ្រង់ ដូចជាសិង្ហ ដ្បិតស្រុករបស់គេ បានត្រឡប់ជាស្ងាត់ជ្រងំ ដោយព្រោះសេចក្តីច្រឡោតនៃពួករឹបជាន់ និងសេចក្តីខ្ញាល់ដ៏សហ័សនៃទ្រង់។