គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 25:3-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ចាប់​តាំង​ពី​ឆ្នាំ​ទី​១៣ ក្នុង​រាជ្យ​យ៉ូសៀស​ជា​បុត្រ​អាំម៉ូន ស្តេច​យូដា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​អស់​២៣​ឆ្នាំ​នេះ​ហើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទាំង​ក្រោក​ពី​ព្រលឹម​ស្រាង​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ទេ

4. ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​របស់​ទ្រង់ ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា​ដែរ គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង និង​ចាត់​គេ​ផង តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​នឹង​ស្តាប់​សោះ

5. ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​វិល​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន ហើយ​ពី​អំពើ​អាក្រក់​ដែល​គ្រប់​គ្នា​ប្រព្រឹត្ត​ឥឡូវ​ចុះ នោះ​ឯង​រាល់​គ្នា​នឹង​បាន​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ដល់​ឯង និង​ពួក​អយ្យកោ​ឯង ចាប់​តាំង​ពី​បុរាណ ហើយ​សំរាប់​ជា​ដរាប​ត​ទៅ

6. កុំ​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ឡើយ ក៏​កុំ​ឲ្យ​បណ្តាល​ឲ្យ​អញ​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​ឯង​រាល់​គ្នា​ធ្វើ​ដែរ យ៉ាង​នោះ​អញ​នឹង​មិន​ប្រទូស្ត​ដល់​ឯង​រាល់​គ្នា​ទេ

7. ប៉ុន្តែ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​សោះ គឺ​ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ‌សារ​ការ​ដែល​ដៃ​ឯង​បាន​ធ្វើ​វិញ ឲ្យ​អញ​បាន​ប្រទូស្ត​ដល់​ឯង

8. ហេតុ​នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ពាក្យ​អញ

9. នោះ​មើល អញ​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បំរើ​របស់​អញ​មក ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ​ផង អញ​នឹង​បំផ្លាញ​ពួក​ស្រុក​នេះ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ខូច​បង់​នៅ​អស់‌កល្ប‌ជានិច្ច

10. មួយ​ទៀត អញ​នឹង​បំបាត់​សំឡេង​អរ​សប្បាយ និង​សំឡេង​រីក‌រាយ សំឡេង​ប្ដី​ប្រពន្ធ​ថ្មោង‌ថ្មី និង​សូរ​ត្បាល់​កិន ហើយ​ពន្លឺ​ចង្កៀង​ពី​ពួក​គេ​ចេញ

11. ដូច្នេះ ស្រុក​នេះ​ទាំង​មូល​នឹង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង​ផង សាសន៍​ទាំង​នេះ​នឹង​ត្រូវ​បំរើ​ស្តេច​បាប៊ីឡូន​អស់​៧០​ឆ្នាំ។

12. លុះ​ដល់​គ្រប់​៧០​ឆ្នាំ​នោះ​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​សាសន៍​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ស្រុក​របស់​ពួក​ខាល់ដេ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្ងាត់‌ជ្រងំ​ជា​ដរាប​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ យេរេមា 25