គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 25:21-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. សាសន៍​អេដំម សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន

22. អស់​ទាំង​ស្តេច​ក្រុង​ទីរ៉ុស ស្តេច​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ

23. ពួក​ដេដាន់ ពួក​ថេម៉ា និង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក‌ចង្កា

24. អស់​ទាំង​ស្តេច​សាសន៍​អារ៉ាប់ និង​ស្តេច​នៃ​សាសន៍​លាយ​គ្នា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន

25. ពួក​ស្តេច​ស៊ីមរី ស្តេច​អេឡាំ និង​អស់​ទាំង​ស្តេច​សាសន៍​មេឌី

26. ស្តេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ខាង​ជើង ទាំង​ជិត​ទាំង​ឆ្ងាយ​ជា​មួយ​គ្នា ព្រម​ទាំង​នគរ​ទាំង​អស់​នៅ​ក្នុង​លោកីយ៍ ដែល​នៅ​លើ​ផែនដី​ផង រួច​ស្តេច​សេសាក​នឹង​ត្រូវ​ផឹក​ជា​ខាង​ក្រោយ​បង្អស់។

27. ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ផឹក​ចុះ ហើយ​ឲ្យ​ស្រវឹង​ផង ចូរ​ក្អួត​ចេញ ហើយ​ដួល​ចុះ​ឥត​ដែល​ក្រោក​ឡើង​វិញ​ឡើយ ដោយ​ព្រោះ​ដាវ​ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​ឯង​រាល់​គ្នា

28. បើ​កាល​ណា​គេ​មិន​ព្រម​ផឹក​ពី​ពែង​នៅ​ដៃ​ឯង​ទេ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ផឹក​ជា​ពិត

29. ដ្បិត​មើល អញ​ចាប់​តាំង​ធ្វើ​ទោស​ដល់​ទី​ក្រុង ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ ដូច្នេះ​តើ​ឯង​រាល់​គ្នា​នឹង​រួច​ខ្លួន​ឥត​មាន​ទោស​សោះ​បាន​ឬ អញ​នឹង​ហៅ​ឲ្យ​មាន​ដាវ​មក​លើ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

30. ដូច្នេះ ចូរ​ទាយ​អស់​ទាំង​ពាក្យ​នេះ ទាស់​នឹង​គេ​ហើយ​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា ទ្រង់​នឹង​គ្រហឹម​ពី​ខាង​លើ ហើយ​នឹង​បព្ចោញ​ព្រះ‌សូរ‌សៀង​ទ្រង់ ពី​ទី​លំនៅ​បរិសុទ្ធ​របស់​ទ្រង់ ទ្រង់​នឹង​គ្រហឹម​ជា​ខ្លាំង​ក្រៃលែង​ទាស់​នឹង​ក្រោល​ទ្រង់ ក៏​នឹង​ស្រែក​ឡើង​ទាស់​នឹង​ពួក​អ្នក​នៅ​ផែនដី​ទាំង​អស់ ដូច​ជា​សំរែក​នៃ​ពួក​អ្នក​ដែល​ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ

31. និង​ឮ​សូរ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ការណ៍​ទាស់​ទទឹង​នឹង​សាសន៍​ទាំង​ប៉ុន្មាន ទ្រង់​នឹង​កើត​ក្តី​នឹង​គ្រប់​ទាំង​មនុស្ស ឯ​ពួក​មនុស្ស​អាក្រក់ នោះ​ទ្រង់​នឹង​ប្រគល់​ដល់​ដាវ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

32. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល សេចក្តី​អាក្រក់​នឹង​ចេញ​ពី​នគរ​១​ដល់​នគរ​១ ហើយ​នឹង​កើត​មាន​ព្យុះ​សង្ឃរា​យ៉ាង​សំបើម មក​ពី​ចុង​ផែនដី​បំផុត

33. នៅ​ថ្ងៃ​នោះ សាក‌សព​នៃ​មនុស្ស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ នឹង​នៅ​រាយ​ពេញ ពី​ចុង​ផែនដី​ម្ខាង ទៅ​ដល់​ចុង​ផែនដី​ម្ខាង ឥត​មាន​អ្នក​ណា​សោក​ស្តាយ​គេ ឬ​ប្រមូល​ខ្មោច​គេ​ទៅ​កប់​ឡើយ គឺ​គេ​នឹង​ទៅ​ជា​ជី​នៅ​លើ​ដី

សូមអានជំពូកពេញលេញ យេរេមា 25