គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 25:12-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. លុះ​ដល់​គ្រប់​៧០​ឆ្នាំ​នោះ​ហើយ នោះ​អញ​នឹង​ធ្វើ​ទោស​ស្តេច​បាប៊ីឡូន និង​ពួក​សាសន៍​នោះ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ឯ​ស្រុក​របស់​ពួក​ខាល់ដេ នោះ​អញ​នឹង​ធ្វើ​ឲ្យ​ស្ងាត់‌ជ្រងំ​ជា​ដរាប​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

13. អញ​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រកាស​ទាស់​នឹង​ស្រុក​នោះ គឺ​តាម​គ្រប់​ទាំង​សេចក្តី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​នេះ​ហើយ ជា​ពាក្យ​ដែល​យេរេមា​បាន​ទាយ​ទាស់​នឹង​នគរ​ទាំង​ប៉ុន្មាន

14. ដ្បិត​សាសន៍​ជា​ច្រើន និង​ស្តេច​ធំៗ នឹង​ចាប់​ប្រើ​សាសន៍​ខាល់ដេ​នោះ​វិញ ហើយ​អញ​នឹង​សង​គេ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត និង​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ។

15. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​យក​ពែង​ស្រា​ជា​សេចក្តី​ឃោរ‌ឃៅ​នេះ​ពី​ដៃ​អញ​ទៅ ហើយ​បំផឹក​អស់​ទាំង​សាសន៍​ដែល​អញ​ចាត់​ឯង​ឲ្យ​ទៅ​នោះ​ចុះ

16. គេ​នឹង​ផឹក ហើយ​នឹង​ដើរ​វិល​វង់​ទៅ​មក ហើយ​ទៅ​ជា​ឆ្កួត​ដោយ​ព្រោះ​ដាវ ដែល​អញ​នឹង​ចាត់​ទៅ​កណ្តាល​ពួក​គេ

17. ដូច្នេះ ខ្ញុំ​ក៏​យក​ពែង​នោះ​ពី​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា ទៅ​បំផឹក​អស់​ទាំង​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាត់​ឲ្យ​ខ្ញុំ​ទៅ​នោះ

18. គឺ​ក្រុង​យេរូ‌សាឡិម និង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ស្តេច និង​ពួក​ចៅ‌ហ្វាយ​របស់​គេ​ផង ដើម្បី​ឲ្យ​គេ​ទៅ​ជា​ទី​ខូច​បង់ ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ ហើយ​ជា​ទី​ផ្តាសា​ដូច​ជា​សព្វ​ថ្ងៃ​នេះ

19. និង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ពួក​មហា‌តលិក និង​ពួក​ចៅ‌ហ្វាយ ហើយ​ជន‌ជាតិ​របស់​គេ​ផង

20. អស់​ទាំង​សាសន៍​លាយ​គ្នា ពួក​ស្តេច​នៅ​ស្រុក​អ៊ូស និង​អស់​ទាំង​ស្តេច​របស់​ស្រុក​ភីលីស្ទីន គឺ​ក្រុង​អាស‌កា‌ឡូន ក្រុង​កាសា ក្រុង​អេក្រុន និង​សំណល់​នៃ​ក្រុង​អាសដូឌ

21. សាសន៍​អេដំម សាសន៍​ម៉ូអាប់ និង​ពួក​កូន​ចៅ​អាំម៉ូន

22. អស់​ទាំង​ស្តេច​ក្រុង​ទីរ៉ុស ស្តេច​ក្រុង​ស៊ីដូន និង​ស្តេច​ទាំង​ប៉ុន្មាន​ដែល​នៅ​កោះ​ខាង​នាយ​សមុទ្រ

23. ពួក​ដេដាន់ ពួក​ថេម៉ា និង​ពួក​ប៊ូស ហើយ​អស់​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក‌ចង្កា

24. អស់​ទាំង​ស្តេច​សាសន៍​អារ៉ាប់ និង​ស្តេច​នៃ​សាសន៍​លាយ​គ្នា ដែល​អាស្រ័យ​នៅ​ទី​រហោ‌ស្ថាន

សូមអានជំពូកពេញលេញ យេរេមា 25