គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 23:20-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ ទាល់​តែ​ទ្រង់​បាន​ធ្វើ​សំរេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ឯ​ជាន់​ក្រោយ នោះ​ឯង​រាល់​គ្នា​នឹង​យល់​ច្បាស់

21. អញ​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ គង់​តែ​គេ​បាន​រត់​ទៅ អញ​មិន​បាន​និយាយ​នឹង​គេ​សោះ គង់​តែ​គេ​បាន​ទាយ

22. ប៉ុន្តែ​បើ​គេ​បាន​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​អញ នោះ​គេ​នឹង​បាន​ប្រាប់​ឲ្យ​រាស្ត្រ​អញ​ស្តាប់​ពាក្យ​របស់​អញ​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន​ផង។

23. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ផង​ដែរ​ឬ​អី

24. ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ​ទៀត​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យ​អញ​មើល​មិន​ឃើញ​បាន​ឬ តើ​អញ​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ និង​ផែនដី​ផង​ទេ​ឬ​អី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

25. អញ​បាន​ឮ​សេចក្តី​ដែល​ពួក​ហោរា​ប្រាប់ ជា​ពួក​អ្នក​ដែល​ទាយ​កុហក ដោយ​នូវ​ឈ្មោះ​អញ​ថា ខ្ញុំ​បាន​យល់‌សប្តិ ឃើញ​ដូច្នេះ​មួយៗ

26. សេចក្តី​យ៉ាង​នេះ​នឹង​នៅ​ក្នុង​ចិត្ត​នៃ​ពួក​ហោរា​ដែល​ទាយ​កុហក ជា​ពួក​អ្នក​ដែល​បញ្ឆោត​តាម​សេចក្តី​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ តើ​ដល់​កាល​ណា​ទៀត

27. គេ​គិត​តែ​បណ្តាល​ឲ្យ​រាស្ត្រ​អញ​ភ្លេច​ឈ្មោះ​អញ ដោយ​ការ​យល់‌សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​ពួក​ព្ធយុ‌កោ​គេ​បាន​ភ្លេច​ឈ្មោះ​អញ ឲ្យ​យក​ឈ្មោះ​ព្រះ‌បាល​វិញ​ដែរ

28. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​ហោរា​ណា​ដែល​យល់‌សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​អញ ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​អញ ដោយ​ស្មោះ‌ត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ

29. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ឯ​ពាក្យ​របស់​អញ តើ​មិន​មែន​ដូច​ជា​ភ្លើង ហើយ​ដូច​ជា​ញញួរ ដែល​បំបែក​ថ្ម​ខ្ទេច‌ខ្ទី​ទេ​ឬ​អី

30. ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា ដែល​លួច​ពាក្យ​អញ​ចេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក

31. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា​ដែល​ប្រើ​អណ្តាត​និយាយ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល

32. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​ដែល​ទាយ​កុហក​តាម​យល់‌សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​រាស្ត្រ​អញ​វង្វេង​ចេញ​ដោយ‌សារ​សេចក្តី​កំភូត​របស់​គេ ហើយ​ដោយ‌សារ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជន‌ជាតិ​នេះ​ដែរ។

33. កាល​ណា​ជន‌ជាតិ​នេះ ឬ​ហោរា​ណា ឬ​សង្ឃ​ណា នឹង​សួរ​ឯង​ថា ឯ​បន្ទុក​ពី​ព្រះ‌យេហូវ៉ា តើ​ថា​យ៉ាង​ណា​នោះ​ឯង​ត្រូវ​ឆ្លើយ​តប​ថា តើ​បន្ទុក​ណា​នោះ ឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នោះ​គឺ​ថា អញ​នឹង​បោះ‌បង់​ចោល​ឯង​រាល់​គ្នា​ចេញ

សូមអានជំពូកពេញលេញ យេរេមា 23