គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 23:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដ្បិត​ទាំង​ហោរា និង​សង្ឃ​ផង សុទ្ធ​តែ​ស្មោក‌គ្រោក​ទាំង​អស់​គ្នា អើ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះ‌វិហារ​របស់​អញ​ផង

12. ហេតុ​នោះ​ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រឥល​នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

13. អញ​បាន​ឃើញ​សេចក្តី​ចំកួត​ក្នុង​ពួក​ហោរា នៅ​ក្រុង​សាម៉ារី​ដែរ គេ​ទាយ​ទំនាយ​ដោយ‌សារ​ព្រះ‌បាល ក៏​នាំ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ឲ្យ​វង្វេង​ដែរ

14. ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម នោះ​អញ​ក៏​ឃើញ​មាន​សេចក្តី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​សេចក្តី​កំផិត ហើយ​ដើរ​តាម​តែ​សេចក្តី​កំភូត​ទទេ គេ​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​មួយ​វិល​ត្រឡប់​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ឡើយ គេ​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម​ទាំង​អស់​គ្នា ពួក​អ្នក​នៅ​ក្រុង​នេះ ក៏​ដូច​ជា​ក្រុង​កូម៉ូរ៉ា ដល់​អញ​ហើយ

15. ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ពួក​ហោរា​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​គេ​ផឹក​ទឹក​ពុល ដ្បិត​មាន​សេចក្តី​ល្មើស​ចំពោះ​ព្រះ បាន​ចេញ​ពី​ពួក​ហោរា​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​ពេញ​ក្នុង​ស្រុក​ហើយ។

16. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​ឯង​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សំដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​ខ្លួន​គេ មិន​មែន​ជា​សេចក្តី​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ នៃ​ព្រះ‌យេហូវ៉ា​ឡើយ

17. គេ​ចេះ​តែ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មើល‌ងាយ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​នឹង​មាន​សន្តិ‌សុខ​ទេ ហើយ​ក៏​ប្រាប់​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្តី​រឹង‌ចចេស​នៅ​ក្នុង​ចិត្ត​ថា នឹង​គ្មាន​សេចក្តី​អាក្រក់​ណា​កើត​ដល់​ឯង​រាល់​គ្នា​ឡើយ

18. ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះ‌បន្ទូល​របស់​ទ្រង់ តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះ‌បន្ទូល​នៃ​ទ្រង់

19. មើល ព្យុះ​សង្ឃរា​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្តី​ក្រោធ​របស់​ទ្រង់ បាន​ចេញ​ទៅ​ហើយ អើ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក លើ​ក្បាល​របស់​ពួក​មនុស្ស​អាក្រក់

20. សេចក្តី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ ទាល់​តែ​ទ្រង់​បាន​ធ្វើ​សំរេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះ‌ហឫ‌ទ័យ​ទ្រង់ ឯ​ជាន់​ក្រោយ នោះ​ឯង​រាល់​គ្នា​នឹង​យល់​ច្បាស់

21. អញ​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ គង់​តែ​គេ​បាន​រត់​ទៅ អញ​មិន​បាន​និយាយ​នឹង​គេ​សោះ គង់​តែ​គេ​បាន​ទាយ

22. ប៉ុន្តែ​បើ​គេ​បាន​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​អញ នោះ​គេ​នឹង​បាន​ប្រាប់​ឲ្យ​រាស្ត្រ​អញ​ស្តាប់​ពាក្យ​របស់​អញ​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន​ផង។

សូមអានជំពូកពេញលេញ យេរេមា 23