គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 22:9-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នោះ​គេ​នឹង​ឆ្លើយ​តប​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ក៏​ថ្វាយ‌បង្គំ​ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ផង។

10. កុំ​ឲ្យ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង

11. ពី​ព្រោះ​ឯ​សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​មិន​ដែល​មក​ឯ​ទី​នេះ​វិញ​ទៀត​ឡើយ

12. នៅ​កន្លែង​ណា​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នោះ​គេ​នឹង​ស្លាប់​នៅ​ទី​នោះ​ឥត​ដែល​ឃើញ​ស្រុក​នេះ​ទៀត។

13. វេទនា​ដល់​អ្នក​ណា​ដែល​សង់​ផ្ទះ​ខ្លួន ដោយ​ការ​ទុច្ចរិត ហើយ​ធ្វើ​បន្ទប់​ខ្លួន​ដោយ​ការ​មិន​ទៀង​ត្រង់ ជា​អ្នក​ដែល​ប្រើ​ប្រាស់​អ្នក​ជិត​ខាង​ខ្លួន​ទទេ ឥត​ចេញ​ឈ្នួល​ឲ្យ

14. ហើយ​ក៏​ពោល​ថា អញ​នឹង​សង់​ផ្ទះ​១​ធំ ដែល​មាន​បន្ទប់​ទូលាយ​សំរាប់​អញ ក៏​ធ្វើ​បង្អួច ហើយ​បិទ​ជញ្ជាំង​ដោយ​ក្តារ​តាត្រៅ រួច​លាប​ពណ៌​ក្រហម​ស្រស់

15. តើ​ត្រូវ​ឲ្យ​ឯង​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​ឯង​មាន​ចិត្ត​សង្វាត និង​ចំរើន​ឈើ​តាត្រៅ​ឬ​អី ឯ​ឪពុក​ឯង តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ​អី ប៉ុន្តែ​បាន​ប្រព្រឹត្ត​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ

16. គាត់​បាន​កាត់​ក្តី​ឲ្យ​ពួក​ក្រីក្រ និង​ពួក​កំសត់​ទុគ៌ត ដូច្នេះ ក៏​មាន​សេចក្តី​សុខ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ដែល​ប្រព្រឹត្ត​ដូច្នោះ តើ​មិន​មែន​ជា​ស្គាល់​ដល់​អញ​ទេ​ឬ​អី

17. តែ​ឯ​ភ្នែក​ឯង និង​ចិត្ត​ឯង នោះ​រក​តែ​បំពេញ​សេចក្តី​លោភ​របស់​ឯង​វិញ ក៏​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​មាន​ទោស ព្រម​ទាំង​រឹប​ជាន់ និង​ប្រព្រឹត្ត​សេចក្តី​ច្រឡោត​ផង​ប៉ុណ្ណោះ

18. ហេតុ​នោះ​ព្រះ‌យេហូវ៉ា ក៏​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ

19. គេ​នឹង​កប់​សព​យេហូយ៉ាគីម ដូច​ជា​កប់​ខ្មោច​សត្វ​លា គឺ​គេ​នឹង​អូស​ទៅ​បោះ​ចោល នៅ​ខាង​ក្រៅ​ទ្វារ​នៃ​ក្រុង​យេរូ‌សាឡិម​បង់។

20. ចូរ​ឡើង​ទៅ​លើ​ភ្នំ​ល្បាណូន ហើយ​ស្រែក​ឡើង ចូរ​បន្លឺ​សំឡេង​នៅ​ស្រុក​បាសាន ហើយ​ស្រែក​ពី​ភ្នំ​អាបារីម​ចុះ ពី​ព្រោះ​បណ្តា​សហាយ​របស់​ឯង​បាន​ត្រូវ​បំផ្លាញ​ហើយ

21. កាល​នៅ​គ្រា​សំបូរ នោះ​អញ​បាន​និយាយ​នឹង​ឯង​ហើយ​តែ​ឯង​ឆ្លើយ​តប​ថា យើង​មិន​ព្រម​ស្តាប់​ទេ គឺ​បែប​យ៉ាង​នេះ ដែល​បាន​ប្រព្រឹត្ត តាំង​តែ​ពី​ក្មេង​មក គឺ​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ​ឡើយ

22. ខ្យល់​នឹង​ស៊ី​បំផ្លាញ​ពួក​គង្វាល​របស់​ឯង ហើយ​ពួក​សហាយ​របស់​ឯង​នឹង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ដូច្នេះ ឯង​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​ឯង​ប្រព្រឹត្ត​ជា​មិន​ខាន

23. ឱ​អ្នក​ដែល​អាស្រ័យ​នៅ​ព្រៃ​ល្បាណូន ដែល​ធ្វើ​សំបុក​នៅ​ដើម​តាត្រៅ​អើយ កាល​ណា​សេចក្តី​ទុក្ខ​វេទនា​មក​លើ​ឯង ដូច​ជា​ស្ត្រី​ដែល​ឈឺ​ចាប់​នឹង​សំរាល​កូន នោះ​ឯង​នឹង​គួរ​អាណិត​យ៉ាង​ណា​ទៅ។

សូមអានជំពូកពេញលេញ យេរេមា 22