គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 22:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​ទៅ​ឯ​ដំណាក់​ស្តេច​យូដា ហើយ​ពោល​ពាក្យ​នេះ​នៅ​ទី​នោះ

2. គឺ​ប្រាប់​ថា ឱ​ស្តេច​សាសន៍​យូដា​ដែល​គង់​លើ​បល្ល័ង្ក​នៃ​ដាវីឌ ព្រម​ទាំង​ពួក​មហា‌តលិក និង​បណ្តា‌ជន​របស់​ទ្រង់​ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​សំរេច​សេចក្តី​យុត្តិ‌ធម៌ និង​សេចក្តី​សុចរិត ហើយ​ដោះ​អ្នក​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​បាន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ កុំ​ឲ្យ​រឹប​ជាន់ ឬ​គំហក‌កំហែង​ដល់​អ្នក​ដទៃ ដែល​មក​ស្នាក់​នៅ ឬ​ដល់​ពួក​កំព្រា និង​ស្រី​មេម៉ាយ​ឡើយ ក៏​កុំ​ឲ្យ​កំចាយ​ឈាម​របស់​មនុស្ស​ដែល​ឥត​ទោស​នៅ​ទី​នេះ​ដែរ

4. ដ្បិត​បើ​សិន​ជា​ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​ពាក្យ​នេះ​ជា​ប្រាកដ នោះ​នឹង​មាន​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ​ជិះ​រាជ‌រថ និង​សេះ​យាង​ចូល​តាម​ទ្វារ​នេះ ព្រម​ទាំង​ពួក​មហា‌តលិក និង​រាស្ត្រ​របស់​ទ្រង់​ផង

5. តែ​បើ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​ពាក្យ​ទាំង​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​ស្បថ​នឹង​ខ្លួន​អញ​ថា ដំណាក់​នេះ​នឹង​ត្រូវ​បំផ្លាញ​អស់​រលីង

6. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ដំណាក់​នៃ​ស្តេច​យូដា​ដូច្នេះ ឯង​ទុក​ដូច​ជា​ស្រុក​កាឡាត ហើយ​ដូច​កំពូល​ភ្នំ​ល្បាណូន​ដល់​អញ ប៉ុន្តែ​ប្រាកដ​ជា​អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ស្ងាត់‌ជ្រងំ​វិញ ជា​ទី​ក្រុង​ដែល​ឥត​មាន​មនុស្ស​នៅ

7. ហើយ​អញ​នឹង​តាំង​ពួក​បំផ្លាញ​ឲ្យ​មក​ទាស់​នឹង​ឯង គ្រប់​គ្នា​នឹង​កាន់​គ្រឿង​អាវុធ​របស់​ខ្លួន គេ​នឹង​កាប់​រំលំ​ដើម​តាត្រៅ ដែល​ជ្រើស‌រើស​របស់​ឯង ហើយ​បោះ​ទៅ​ក្នុង​ភ្លើង

8. សាសន៍​ជា​ច្រើន​នឹង​ដើរ​មក​តាម​ទី​ក្រុង​នេះ គ្រប់​គ្នា​នឹង​និយាយ​ដល់​គូ‌កន​ខ្លួន​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ដូច្នេះ​ដល់​ក្រុង​ធំ​នេះ

9. នោះ​គេ​នឹង​ឆ្លើយ​តប​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​សេចក្តី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ក៏​ថ្វាយ‌បង្គំ​ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ផង។

10. កុំ​ឲ្យ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង

11. ពី​ព្រោះ​ឯ​សាលូម ជា​បុត្រ​យ៉ូសៀស ស្តេច​យូដា ដែល​សោយ‌រាជ្យ​ជំនួស​យ៉ូសៀស ជា​បិតា ហើយ​បាន​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​មិន​ដែល​មក​ឯ​ទី​នេះ​វិញ​ទៀត​ឡើយ

12. នៅ​កន្លែង​ណា​ដែល​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ នោះ​គេ​នឹង​ស្លាប់​នៅ​ទី​នោះ​ឥត​ដែល​ឃើញ​ស្រុក​នេះ​ទៀត។

សូមអានជំពូកពេញលេញ យេរេមា 22