12. ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសំរេចតាមសេចក្តីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្តីក្រោធរបស់អញចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្ត
13. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នែ ឯងដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ អញទាស់នឹងឯងហើយ ឯងអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន
14. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងផ្ចាលឯងឲ្យសមតាមផលការដែលឯងបានប្រព្រឹត្ត គឺអញនឹងបង្កាត់ភ្លើងនៅក្នុងព្រៃឯង ភ្លើងនោះនឹងឆេះបំផ្លាញរបស់ទាំងអស់ដែលនៅជុំវិញផង។