1. នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងកាលដែលស្តេចសេដេគាបានចាត់ផាសហ៊ើរជាកូនម៉ាលគា និងសេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃមកឯលោកដោយពាក្យថា
2. សូមទូលសួរដល់ព្រះយេហូវ៉ាឲ្យយើងផង ដ្បិតនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ច្បាំងនឹងយើងហើយ ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងប្រោសយើង តាមអស់ទាំងការអស្ចារ្យរបស់ទ្រង់ ដើម្បីឲ្យស្តេចនោះបានថយចេញពីយើងទៅទេដឹង។
3. ដូច្នេះ យេរេមាឆ្លើយតបថា ចូរអ្នករាល់គ្នាទូលតបនឹងសេដេគាយ៉ាងនេះ
4. ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា មើល អញនឹងបំបែរគ្រឿងសស្ត្រាវុធដែលនៅក្នុងដៃឯងរាល់គ្នានោះឲ្យត្រឡប់ថយ ជាគ្រឿងដែលប្រើច្បាំងតនឹងស្តេចបាប៊ីឡូន ហើយនឹងពួកខាល់ដេ ដែលឡោមព័ទ្ធឯងរាល់គ្នាខាងក្រៅកំផែង អញនឹងប្រមូលគេមកនៅកណ្តាលទីក្រុងនេះ
5. ហើយខ្លួនអញក៏នឹងច្បាំងតនឹងឯងរាល់គ្នា ដោយដៃលូកចេញ និងដើមដៃខ្លាំងពូកែ គឺដោយសេចក្តីកំហឹង សេចក្តីក្រោធ និងសេចក្តីគ្នាន់ក្នាញ់ជាខ្លាំង
6. អញនឹងប្រហារពួកអ្នកនៅក្រុងនេះ ទាំងមនុស្ស និងសត្វផង គេនឹងត្រូវស្លាប់ដោយអាសន្នរោគយ៉ាងធំ
7. ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា លំដាប់នោះ អញនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្តាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ ហើយពីអំណត់អត់ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
8. ហើយឯងត្រូវប្រាប់ដល់ជនជាតិនេះថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញដាក់ផ្លូវជីវិត និងផ្លូវស្លាប់នៅមុខឯងរាល់គ្នា
9. អ្នកណាដែលនៅជាប់ក្នុងក្រុងនេះ និងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ហើយដោយអាសន្នរោគ តែឯអ្នកណាដែលចេញទៅខាងពួកខាល់ដេ ជាខ្មាំងដែលឡោមព័ទ្ធឯងរាល់គ្នា នោះនឹងរស់នៅវិញ ហើយនឹងបានជីវិតខ្លួនទុកដូចជារបឹប
10. ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានតាំងមុខទាស់នឹងទីក្រុងនេះ សំរាប់ជាការអាក្រក់ មិនមែនជាការល្អទេ ទីក្រុងនេះនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចបាប៊ីឡូន ស្តេចនោះនឹងដុតដោយភ្លើងចោល។
11. ត្រូវឲ្យឯងប្រាប់ពីដំណើរវង្សានៃស្តេចយូដាថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
12. ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរសំរេចតាមសេចក្តីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្តាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្តីក្រោធរបស់អញចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្ត
13. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នែ ឯងដែលអាស្រ័យនៅច្រកភ្នំ ជាថ្មដានៅវាលអើយ អញទាស់នឹងឯងហើយ ឯងអួតថា តើអ្នកណានឹងចុះមកទាស់នឹងយើង ឬអ្នកណានឹងចូលមកក្នុងទីលំនៅរបស់យើងបាន