គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 21:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា ដល់​យេរេមា ក្នុង​កាល​ដែល​ស្តេច​សេដេគា​បាន​ចាត់​ផាស‌ហ៊ើរ​ជា​កូន​ម៉ាលគា និង​សេផានា ជា​កូន​ម្អាសេយ៉ា​ដ៏​ជា​សង្ឃ​មក​ឯ​លោក​ដោយ​ពាក្យ​ថា

2. សូម​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​យើង​ផង ដ្បិត​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ច្បាំង​នឹង​យើង​ហើយ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រោស​យើង តាម​អស់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់ ដើម្បី​ឲ្យ​ស្តេច​នោះ​បាន​ថយ​ចេញ​ពី​យើង​ទៅ​ទេ​ដឹង។

3. ដូច្នេះ យេរេមា​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ទូល​តប​នឹង​សេដេគា​យ៉ាង​នេះ

4. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​នឹង​បំបែរ​គ្រឿង​សស្ត្រា‌វុធ​ដែល​នៅ​ក្នុង​ដៃ​ឯង​រាល់​គ្នា​នោះ​ឲ្យ​ត្រឡប់​ថយ ជា​គ្រឿង​ដែល​ប្រើ​ច្បាំង​ត​នឹង​ស្តេច​បាប៊ីឡូន ហើយ​នឹង​ពួក​ខាល់ដេ ដែល​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា​ខាង​ក្រៅ​កំផែង អញ​នឹង​ប្រមូល​គេ​មក​នៅ​កណ្តាល​ទី​ក្រុង​នេះ

5. ហើយ​ខ្លួន​អញ​ក៏​នឹង​ច្បាំង​ត​នឹង​ឯង​រាល់​គ្នា ដោយ​ដៃ​លូក​ចេញ និង​ដើម​ដៃ​ខ្លាំង​ពូកែ គឺ​ដោយ​សេចក្តី​កំហឹង សេចក្តី​ក្រោធ និង​សេចក្តី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង

6. អញ​នឹង​ប្រហារ​ពួក​អ្នក​នៅ​ក្រុង​នេះ ទាំង​មនុស្ស និង​សត្វ​ផង គេ​នឹង​ត្រូវ​ស្លាប់​ដោយ​អាសន្ន‌រោគ​យ៉ាង​ធំ

7. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា លំដាប់​នោះ អញ​នឹង​ប្រគល់​សេដេគា ជា​ស្តេច​យូដា ហើយ​ពួក​មហា‌តលិក និង​បណ្តា‌ជន​ទាំង‌ឡាយ គឺ​អស់​អ្នក​នៅ​ក្នុង​ទី​ក្រុង​នេះ ដែល​សល់​ពី​អាសន្ន‌រោគ ពី​ដាវ ហើយ​ពី​អំណត់‌អត់ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ជា​ពួក​អ្នក​ដែល​ស្វែង​រក​ជីវិត​គេ ស្តេច​នោះ​នឹង​ប្រហារ​គេ ដោយ​មុខ​ដាវ ឥត​ប្រណី ឥត​មេត្តា ឥត​អាណិត‌អាសូរ​ឡើយ។

8. ហើយ​ឯង​ត្រូវ​ប្រាប់​ដល់​ជន‌ជាតិ​នេះ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​ដាក់​ផ្លូវ​ជីវិត និង​ផ្លូវ​ស្លាប់​នៅ​មុខ​ឯង​រាល់​គ្នា

9. អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ក្រុង​នេះ និង​ត្រូវ​ស្លាប់​ដោយ​ដាវ ដោយ​អំណត់‌អត់ ហើយ​ដោយ​អាសន្ន‌រោគ តែ​ឯ​អ្នក​ណា​ដែល​ចេញ​ទៅ​ខាង​ពួក​ខាល់ដេ ជា​ខ្មាំង​ដែល​ឡោម‌ព័ទ្ធ​ឯង​រាល់​គ្នា នោះ​នឹង​រស់​នៅ​វិញ ហើយ​នឹង​បាន​ជីវិត​ខ្លួន​ទុក​ដូច​ជា​របឹប

10. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សំរាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ដោយ​ភ្លើង​ចោល។

សូមអានជំពូកពេញលេញ យេរេមា 21