គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 20:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ១​ទៀត​អញ​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់​ផង អើ​អញ​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​ជា​របឹប នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន

6. ឯ​ឯង​ផាស‌ហ៊ើរ​អើយ ឯង និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ឯង នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ គឺ​ឯង​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះ​ឯង​នឹង​ត្រូវ​ស្លាប់ ហើយ​គេ​នឹង​កប់​ឯង​នៅ​ស្រុក​នោះ គឺ​ទាំង​ឯង និង​ពួក​មិត្រ​សំឡាញ់​ឯង​ដែល​ឯង​បាន​ទាយ​កុហក​ដល់​គេ​នោះ​ផង។

7. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​បណ្តោយ​តាម ទ្រង់​មាន​កំឡាំង​ជាង ក៏​បាន​ឈ្នះ​ទូល‌បង្គំ​ហើយ ឯ​ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជានិច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ

8. ដ្បិត​វេលា​ណា​ដែល​ទូល‌បង្គំ​និយាយ នោះ​ទូល‌បង្គំ​ស្រែក​ឡើង ទូល‌បង្គំ​បន្លឺ​ពី​ការ​ច្រឡោត និង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្តី​ដំនៀល​ដល់​ទូល‌បង្គំ ហើយ​ជា​សេចក្តី​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ​ជានិច្ច​រាល់​ថ្ងៃ

9. តែ​បើ​កាល​ណា​ទូល‌បង្គំ​សំរេច​ថា មិន​និយាយ​ដំណាល​ពី​ទ្រង់ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ទៀត​ឡើយ នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត

10. ដ្បិត​ទូល‌បង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន ហើយ​មាន​សេចក្តី​ស្ញែង​ខ្លាច​នៅ​ព័ទ្ធ​ជុំវិញ អស់​ទាំង​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ គេ​ជា​ពួក​អ្នក​ដែល​ចាំ​មើល​តែ​ទូល‌បង្គំ​ដួល​ដែរ គេ​ថា ចូរ​ស​ប្រាប់​ចុះ នោះ​យើង​នឹង​ស​ប្រាប់​ដូច​គ្នា ប្រហែល​ជា​យើង​នឹង​បញ្ចុះ​បញ្ចូល​វា​បាន​ទេ​ដឹង ដូច្នេះ​យើង​នឹង​ឈ្នះ​វា​បាន នោះ​យើង​នឹង​សង‌សឹក​នឹង​វា

11. ប៉ុន្តែ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ពី​ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្តី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប‌ជានិច្ច ឥត​ភ្លេច​បាន​ឡើយ

12. ប៉ុន្តែ​ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត និង​ថ្លើម​អើយ សូម​ឲ្យ​ទូល‌បង្គំ​ឃើញ​ទ្រង់​សង‌សឹក​នឹង​គេ ដ្បិត​ទូល‌បង្គំ​បាន​សំដែង​ដើម​ហេតុ​នៃ​ទូល‌បង្គំ​ដល់​ទ្រង់​ហើយ

13. ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ដោះ​ព្រលឹង​របស់​មនុស្ស​វេទនា ឲ្យ​រួច​ចេញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ដែល​ប្រព្រឹត្ត​អាក្រក់។

សូមអានជំពូកពេញលេញ យេរេមា 20