គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 18:13-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ហេតុ​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ស៊ើប​សួរ​រក​នៅ​កណ្តាល​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ចុះ តើ​ដែល​មាន​អ្នក​ណា​ឮ​និយាយ​ពី​ការ​យ៉ាង​នេះ​ឬ​ទេ នាង​ក្រមុំ​នៃ​ពួក​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ការ​ដ៏​ពន្លឹក​គួរ​ស្បើម

14. តើ​ហិមៈ​នៅ​លើ​ភ្នំ​ល្បាណូន នឹង​លែង​មាន​ពី​ថ្ម​នៅ​វាល​បាន​ឬ តើ​ទឹក​ត្រជាក់​ដែល​ហូរ​ចុះ​មក​ពី​ទី​ឆ្ងាយ នឹង​ហួត​បាត់​ទៅ​ឬ​អី

15. ដ្បិត​ឯ​រាស្ត្រ​អញ​នេះ គេ​បាន​ភ្លេច​អញ​ហើយ គេ​បាន​ដុត​កំញាន​ថ្វាយ​ដល់​អស់​ទាំង​ព្រះ​ក្លែង‌ក្លាយ ហើយ​គេ​ត្រូវ​ចំពប់​ក្នុង​ផ្លូវ​របស់​ខ្លួន គឺ​ជា​ផ្លូវ​ពី​ចាស់​បុរាណ ឲ្យ​បាន​ដើរ​វាង​ទៅ​តាម​ផ្លូវ​ច្រក​ដែល​មិន​បាន​លើក​ឡើយ

16. ដើម្បី​ឲ្យ​ស្រុក​គេ​បាន​ត្រឡប់​ជា​ទី​ស្រឡាំង‌កាំង ហើយ​ជា​ទី​ដែល​មនុស្ស​ធ្វើ​ស៊ីស‌ស៊ូស​ឲ្យ​ជានិច្ច អស់​អ្នក​ណា​ដែល​ដើរ​តាម​ស្រុក​នោះ នឹង​ភាំង​ឆ្ងល់ ហើយ​គ្រវី​ក្បាល​ផង

17. អញ​នឹង​កំចាត់‌កំចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​អញ​នឹង​បែរ​ខ្នង​ដល់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្តី​វេទនា​នោះ​ឡើយ។

18. លំដាប់​នោះ គេ​បបួល​គ្នា​ថា ចូរ​មក យើង​រក​បង្កើត​ឧបាយ​ទាស់​នឹង​យេរេមា​ចុះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​មិន​ដែល​សូន្យ​បាត់​ពី​ពួក​សង្ឃ ឬ​សេចក្តី​ប្រឹក្សា​ពី​ពួក​អ្នក​ប្រាជ្ញ ឬ​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​ឡើយ ចូរ​មក​ចុះ យើង​នឹង​វាយ​វា​ដោយ​អណ្តាត កុំ​ឲ្យ​យើង​ស្តាប់​តាម​ពាក្យ​ណា​របស់​វា​ទៀត​ឡើយ។

19. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​ប្រុង​ស្តាប់​ទូល‌បង្គំ​សូម​ស្តាប់​ពាក្យ​របស់​ពួក​អ្នក ដែល​តតាំង​នឹង​ទូល‌បង្គំ​ផង

20. តើ​នឹង​យក​ការ​អាក្រក់​ស្នង​នឹង​ការ​ល្អ​ឬ​អី ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ព្រលឹង​ទូល‌បង្គំ​ហើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ឈរ​នៅ​ចំពោះ​ទ្រង់ ដើម្បី​សូម​សេចក្តី​ល្អ​ឲ្យ​គេ ហើយ​នឹង​បំបែរ​សេចក្តី​ក្រោធ​របស់​ទ្រង់​ចេញ​ពី​គេ​ដែរ

21. ដូច្នេះ​សូម​ទ្រង់​ប្រគល់​កូន​ចៅ​គេ​ដល់​សេចក្តី​អំណត់‌អត់ ហើយ​ខ្លួន​គេ​ដល់​អំណាច​ដាវ​ផង សូម​ឲ្យ​ប្រពន្ធ​គេ​នៅ​ជា​ឥត​មាន​កូន និង​ជា​មេម៉ាយ ហើយ​ឲ្យ​ពួក​ប្រុសៗ​របស់​គេ​ត្រូវ​ស្លាប់ និង​ពួក​កំឡោះៗ​របស់​គេ​ត្រូវ​របួស ដោយ​ដាវ​ក្នុង​សង្គ្រាម

22. សូម​ឲ្យ​មាន​ឮ​សំរែក​ចេញ​ពី​ផ្ទះ​គេ ក្នុង​កាល​ដែល​ទ្រង់​នាំ​ពួក​ពល‌ទ័ព​មក​លើ​គេ​ភ្លាម ដ្បិត​គេ​បាន​ជីក​រណ្តៅ ដើម្បី​នឹង​ចាប់​ទូល‌បង្គំ​ហើយ​ក៏​បាន​លាក់​អន្ទាក់ ដើម្បី​នឹង​ទាក់​ជើង​ទូល‌បង្គំ​ផង

23. ប៉ុន្តែ​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​អស់​ទាំង​គំនិត ដែល​គេ​ប្រឹក្សា​គ្នា ដើម្បី​សំឡាប់​ទូល‌បង្គំ​ហើយ សូម​ទ្រង់​កុំ​អត់​ទោស​ចំពោះ​សេចក្តី​ទុច្ចរិត​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​លុប​អំពើ​បាប​របស់​គេ​ពី​ចំពោះ​ទ្រង់​ដែរ គឺ​ឲ្យ​គេ​ត្រូវ​ដួល​នៅ​ចំពោះ​ទ្រង់​វិញ សូម​ទ្រង់​សំរេច​ដល់​គេ ក្នុង​វេលា​ដែល​ទ្រង់​មាន​សេចក្តី​ខ្ញាល់​ចុះ។

សូមអានជំពូកពេញលេញ យេរេមា 18