គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 17:9-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន

10. អញ​នេះ គឺ​ព្រះ‌យេហូវ៉ា អញ​ស្ទង់​ចិត្ត អញ​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ

11. ឯ​ទទា​ដែល​ក្រាប​ពង​ឥត​បាន​ភ្ញាស់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ មិន​មែន​ដោយ​ទៀង​ត្រង់​ក៏​យ៉ាង​នោះ​ដែរ ទ្រព្យ​សម្បត្តិ​នោះ​នឹង​លះ​ចោល​គេ កាល​នៅ​ពាក់​កណ្តាល​អាយុ​នៅ​ឡើយ ហើយ​ដល់​ចុង​បំផុត គេ​នឹង​ទៅ​ជា​ឆ្កួត​ផង។

12. កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​យើង​ជា​បល្ល័ង្ក​ឧត្ដម‌ឧត្ដុង្គ​ដែល​បាន​តម្កល់​នៅ​ខ្ពស់ ចាប់​តាំង​ពី​ដើម​មក

13. ឱ​ព្រះ‌យេហូវ៉ា ជា​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ អស់​អ្នក​ណា​ដែល​បោះ‌បង់​ចោល​ទ្រង់ នោះ​នឹង​ត្រូវ​ខ្មាស ពួក​អ្នក​ដែល​ថយ​ចេញ​ពី​អញ​ទៅ នោះ​នឹង​មាន​ឈ្មោះ​កត់​ទុក​នៅ​ផែនដី ដោយ​ព្រោះ​គេ​បាន​ចោល​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ជា​ក្បាល​ទឹក​រស់។

14. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រោស​ទូល‌បង្គំ​ឲ្យ​ជា​ផង នោះ​ទូល‌បង្គំ​នឹង​បាន​ជាៗ​ពិត សូម​ជួយ​សង្គ្រោះ​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​រួច​ពិត ដ្បិត​ទ្រង់​ជា​ទី​សរសើរ​របស់​ទូល‌បង្គំ

15. មើល គេ​សួរ​ទូល‌បង្គំ​ថា តើ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​នៅ​ឯ​ណា ឲ្យ​ការ​នោះ​មក​ឥឡូវ​ចុះ

16. តែ​ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​មិន​បាន​រហ័ស​នឹង​លែង​ធ្វើ​ជា​អ្នក​គង្វាល​តាម​ទ្រង់​ឡើយ ក៏​មិន​បាន​ប្រាថ្នា​ឲ្យ​ថ្ងៃ​វេទនា​នោះ​មក​ដែរ ទ្រង់​ជ្រាប​ហើយ ដ្បិត​សេចក្តី​ដែល​ចេញ​ពី​បបូរ​មាត់​ទូល‌បង្គំ សុទ្ធ​តែ​នៅ​ចំពោះ​ទ្រង់​ទាំង​អស់

17. សូម​កុំ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​សេចក្តី​ស្ញែង​ខ្លាច ដល់​ទូល‌បង្គំ​ឡើយ ទ្រង់​ជា​ទី​ពឹង​ជ្រក​នៃ​ទូល‌បង្គំ​ក្នុង​ថ្ងៃ​អាក្រក់

18. សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន​ដល់​ទូល‌បង្គំ​ត្រូវ​អៀន‌ខ្មាស តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្ត​ឲ្យ​សោះ សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ​វិញ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​១​ជា​២​ផង។

19. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង​នៃ​ពួក​កូន​ចៅ​ជន‌ជាតិ​នេះ ជា​ទ្វារ​ដែល​ពួក​ស្តេច​យូដា​ធ្លាប់​ចេញ​ចូល ហើយ​នៅ​ត្រង់​ទ្វារ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់​ដែរ

20. ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ឱ​ពួក​ស្តេច​យូដា និង​បណ្តា‌ជន‌ជាតិ​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ដែល​ចូល​តាម​ទ្វារ​ទាំង​នេះ​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

21. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​ឲ្យ​លី‌សែង​បន្ទុក​អ្វី ចូល​មក​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​ឈប់​សំរាក​ឡើយ

22. ក៏​កុំ​ឲ្យ​លី‌សែង​បន្ទុក​អ្វី​ចេញ​ពី​ផ្ទះ​ឯង​រាល់​គ្នា ឬ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​ឈប់​សំរាក​ដែរ ត្រូវ​ឲ្យ​ញែក​ថ្ងៃ​ឈប់​សំរាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​វិញ ដូច​ជា​អញ​បាន​បង្គាប់​ដល់​ពួក​ព្ធយុ‌កោ​ឯង​រាល់​គ្នា​ហើយ

23. ប៉ុន្តែ​គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក​ឡើយ គឺ​គេ​តាំង​ចិត្ត​រឹង‌រូស​វិញ​ដើម្បី​មិន​ឲ្យ​ឮ ឬ​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​សោះ។

24. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​សិន​ជា​ឯង​រាល់​គ្នា​នឹង​ខំ​ព្យាយាម​ស្តាប់​តាម​អញ ដើម្បី​មិន​ឲ្យ​លី‌សែង​បន្ទុក​ណា​ចូល​មក​តាម​ទ្វារ​ក្រុង​នេះ នៅ​ថ្ងៃ​ឈប់​សំរាក គឺ​នឹង​ញែក​ថ្ងៃ​ឈប់​សំរាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​វិញ ឥត​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ

25. នោះ​នឹង​មាន​ស្តេច ហើយ​នឹង​ពួក​ចៅ‌ហ្វាយ ដែល​គង់​លើ​បល្ល័ង្ក​ដាវីឌ ចូល​មក​តាម​ទ្វារ​ក្រុង​នេះ គេ​នឹង​ជិះ​រាជ‌រថ ហើយ​នឹង​សេះ ទាំង​ខ្លួន​គេ និង​ពួក​ចៅ‌ហ្វាយ ព្រម​ទាំង​បណ្តា​មនុស្ស​នៅ​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេសាឡិម​ទាំង​ប៉ុន្មាន​ផង ហើយ​ទី​ក្រុង​នេះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប​ត​ទៅ

សូមអានជំពូកពេញលេញ យេរេមា 17