គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 17:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ជា​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ

2. ម្លោះ​ហើយ កូន​ចៅ​គេ​នឹក​ចាំ​តែ​អាសនា និង​រូប​ព្រះ​របស់​គេ ដែល​នៅ​ក្រោម​អស់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន

3. ឱ​ភ្នំ និង​វាល​របស់​អញ​អើយ អញ​នឹង​ឲ្យ​គេ​ចាប់​យក​ធន‌ធាន និង​ទ្រព្យ‌សម្បត្តិ​របស់​ឯង​ទុក​ជា​របឹប ព្រម​ទាំង​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​របស់​ឯង​ផង ដោយ​ព្រោះ​អំពើ​បាប​ដែល​ប្រព្រឹត្ត​នៅ​ពេញ​ក្នុង​ព្រំ‌ដែន​របស់​ឯង

4. ហើយ​ឯង​នឹង​ត្រូវ​ចាក​ចោល​មរដក​របស់​ឯង ដែល​អញ​បាន​ឲ្យ​នោះ គឺ​ដោយ​ព្រោះ​តែ​កំហុស​របស់​ខ្លួន​ទេ ហើយ​អញ​នឹង​ឲ្យ​ឯង​បំរើ​ដល់​ពួក​ខ្មាំង​នៅ​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​ឯង​រាល់​គ្នា​បាន​បង្កាត់​ភ្លើង​ក្នុង​សេចក្តី​កំហឹង​របស់​អញ ដែល​នឹង​ឆេះ​ជា​ដរាប។

5. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា

6. ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះ‌កក្រោះ​នៅ​សមុទ្រ​ខ្សាច់ បើ​កាល​ណា​មាន​សេចក្តី​ល្អ​មក​ដល់ នោះ​នឹង​មិន​ឃើញ​ទេ គឺ​នឹង​ត្រូវ​អាស្រ័យ​នៅ​កន្លែង​ហួត‌ហែង​ក្នុង​ទី​រហោ‌ស្ថាន​ជា​ដី​ប្រៃ​ឥត​មាន​អ្នក​ណា​នៅ​វិញ

7. តែ​មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់

8. ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ ឥត​ដឹង​រដូវ​ក្តៅ​ទេ គឺ​ស្លឹក​នៅ​តែ​ខៀវ​ខ្ចី​វិញ ហើយ​មិន​រឹត​ត្បិត​នៅ​ឆ្នាំ​ដែល​រាំង‌រឹះ​ឡើយ ក៏​មិន​ដែល​ខាន​នឹង​កើត​ផល​ដែរ។

9. ឯ​ចិត្ត​ជា​គ្រឿង​បញ្ឆោត​លើស​ជាង​ទាំង​អស់ ហើយ​ក៏​អាក្រក់​ហួស​ល្បត់​ផង តើ​អ្នក​ណា​នឹង​អាច​ស្គាល់​បាន

សូមអានជំពូកពេញលេញ យេរេមា 17