គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 15:6-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​បាន​បោះ‌បង់​ចោល​អញ​ហើយ ឯង​បាន​រា‌ថយ​ចេញ ហេតុ​នោះ​បាន​ជា​អញ​លូក​ដៃ​ទៅ​ទាស់​នឹង​ឯង ហើយ​បំផ្លាញ​ឯង​បង់ អញ​ណាយ​ចិត្ត​ហើយ ដោយ​ការ​ផ្លាស់​ប្រែ​គំនិត

7. អញ​បាន​អុំ​គេ ដោយ​ចង្អេរ​នៅ​ត្រង់​ទ្វារ​ក្រុង​ក្នុង​ស្រុក អញ​បាន​ធ្វើ​ឲ្យ​បាត់‌បង់​កូន​អស់​ទៅ គឺ​អញ​បាន​បំផ្លាញ​រាស្ត្រ​អញ​ហើយ ព្រោះ​គេ​មិន​បាន​បែរ​ត្រឡប់​មក​ពី​ផ្លូវ​របស់​គេ​ទេ

8. ស្រី​មេម៉ាយ​របស់​គេ​បាន​ចំរើន​ជា​ច្រើន​ឡើង​នៅ​មុខ​អញ លើស​ជាង​ខ្សាច់​នៅ​មាត់​សមុទ្រ​ទៅ​ទៀត អញ​បាន​នាំ​អ្នក​បំផ្លាញ​ម្នាក់​មក​លើ​ម្តាយ​របស់​ពួក​កំឡោះៗ​ទាំង​ថ្ងៃ​ត្រង់ អញ​បាន​បណ្តាល​ឲ្យ​មាន​សេចក្តី​ទុក្ខ​ព្រួយ និង​សេចក្តី​ស្ញែង​ខ្លាច​លោ​មក​លើ​គេ​ភ្លាម

9. ស្ត្រី​ណា​ដែល​បាន​បង្កើត​កូន​៧​នាក់​ក៏​ល្វើយ​ទៅ រួច​ប្លុង​វិញ្ញាណ​ចេញ ពន្លឺ​របស់​នាង​បាន​លិច​ទៅ ក្នុង​កាល​ដែល​នៅ​ថ្ងៃ​នៅ​ឡើយ នាង​បាន​ត្រូវ​អៀន‌ខ្មាស ហើយ​ជ្រប់​មុខ​ទៅ ឯ​ពួក​ដែល​សល់​នៅ នោះ​អញ​នឹង​ប្រគល់​ដល់​ដាវ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​របស់​គេ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

10. ម៉ែ​អើយ វរ‌ហើយ​ខ្ញុំ ដ្បិត​ម៉ែ​បាន​បង្កើត​ខ្ញុំ​មក​ជា​មនុស្ស​ទទឹង​ទាស់ ហើយ​ជជែក​បន្ទោស​ដល់​លោកីយ៍​ទាំង​មូល ខ្ញុំ​មិន​បាន​ឲ្យ​អ្នក​ណា​ខ្ចី ក៏​មិន​បាន​ខ្ចី​ពី​គេ​ផង​ដែរ ប៉ុន្តែ​គេ​ប្រទេច​ផ្តាសា​ខ្ញុំ​គ្រប់​គ្នា

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​ចំរើន​កំឡាំង​ឯង ឲ្យ​បាន​សេចក្តី​ល្អ​ទៅ​មុខ ពិត​ប្រាកដ​ជា​អញ​នឹង​បណ្តាល​ឲ្យ​ពួក​ខ្មាំង​សត្រូវ​មក​អង្វរ​ដល់​ឯង​ក្នុង​គ្រា​អាក្រក់ ហើយ​ក្នុង​គ្រា​វេទនា។

12. តើ​ដែក​អាច​នឹង​បំបាក់​បំបែក​ដែក​ពី​ស្រុក​ខាង​ជើង ហើយ​នឹង​លង្ហិន​បាន​ឬ​ទេ

13. ឯ​ធន‌ធាន និង​ទ្រព្យ​សម្បត្តិ​របស់​ឯង អញ​នឹង​ឲ្យ​ដល់​គេ​ទុក​ជា​របឹប​ដោយ​ឥត​ថ្លៃ គឺ​ដោយ​ព្រោះ​អស់​ទាំង​អំពើ​បាប​របស់​ឯង នៅ​គ្រប់​ទាំង​ព្រំ‌ដែន​របស់​ឯង

14. អញ​នឹង​ឲ្យ​ឯង​ឆ្លង​ទៅ​ជា​មួយ​នឹង​ពួក​ខ្មាំង​សត្រូវ​ឯង ដល់​ស្រុក​១​ដែល​ឯង​មិន​ស្គាល់ ដ្បិត​មាន​ភ្លើង​កាត់​ឡើង​ក្នុង​សេចក្តី​កំហឹង​របស់​អញ ភ្លើង​នោះ​នឹង​ឆេះ​ដល់​ឯង​រាល់​គ្នា។

15. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​ជ្រាប​ហើយ សូម​ទ្រង់​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រោស​ទូល‌បង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ ដោយ​ទ្រង់​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូល‌បង្គំ​រង​ទ្រាំ​សេចក្តី​ដំនៀល ដោយ​យល់​ដល់​ទ្រង់

16. ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌បន្ទូល​ទ្រង់ ទូល‌បង្គំ​ក៏​បាន​ទទួល​ទាន​លេប​ចូល​អស់​ហើយ ព្រះ‌បន្ទូល​របស់​ទ្រង់​ជា​សេចក្តី​អំណរ ហើយ​ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ទូល‌បង្គំ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ​អើយ ទូល‌បង្គំ​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់

17. ទូល‌បង្គំ​មិន​បាន​អង្គុយ​ក្នុង​ចំណោម​នៃ​ពួក​អ្នក​ដែល​លេង​សប្បាយ ហើយ​លោត‌កញ្ឆេង​នោះ​ឡើយ គឺ​ទូល‌បង្គំ​បាន​អង្គុយ​តែ​ឯង ដោយ​ព្រោះ​ព្រះ‌ហស្ត​ទ្រង់ ដ្បិត​ទ្រង់​បាន​ឲ្យ​ទូល‌បង្គំ​មាន​ពេញ​ដោយ​សេចក្តី​គ្នាន់‌ក្នាញ់

សូមអានជំពូកពេញលេញ យេរេមា 15