គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 14:6-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. លា​ព្រៃ​ក៏​ឈរ​នៅ​លើ​ទី​ត្រងិល វា​ដង្ហាក់​ដូច​ជា​ចចក ភ្នែក​វា​ស្រវាំង​ទៅ ដោយ​ព្រោះ​គ្មាន​ស្មៅ​សោះ។

7. ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ទ្រង់​ប្រោស​មេត្តា ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ការ​រា‌ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់

8. ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដើរ​ដំណើរ ដែល​ឈប់​សំណាក់​តែ​១​យប់​ដូច្នេះ

9. ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ឡើយ​ផង ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ​ទ្រង់​គង់​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។

10. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ជន‌ជាតិ​នេះ​ដូច្នេះ​ថា គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ទ្រង់​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោស​ដល់​គេ​ជា​ពិត

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​អធិស្ឋាន​សូម​សេចក្តី​ល្អ​ឲ្យ​ជន‌ជាតិ​នេះ​ឡើយ

12. កាល​ណា​គេ​តម​អត់ នោះ​អញ​មិន​ព្រម​ស្តាប់​សំរែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ នោះ​អញ​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់‌អត់ និង​អាសន្ន‌រោគ​វិញ។

13. នោះ​ខ្ញុំ​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ មើល​ពួក​ហោរា​តែង‌តែ​ប្រាប់​គេ​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ​ទេ ក៏​មិន​ត្រូវ​សេចក្តី​អំណត់‌អត់​ដែរ គឺ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្តី​សុខ​នៅ​ទី​នេះ​ជា​ពិត

14. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ពួក​ហោរា​គេ​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​ទេ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្តី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្តី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ

15. ដូច្នេះ ឯ​ពួក​ហោរា​ដែល​ទាយ​ដោយ​នូវ​ឈ្មោះ​អញ ឥត​មាន​អញ​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​សេចក្តី​អំណត់‌អត់​នឹង​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​នោះ​ថា គេ​នឹង​ត្រូវ​វិនាស​អស់​ទៅ ដោយ‌សារ​ដាវ និង​សេចក្តី​អំណត់​នោះ​ឯង

16. ហើយ​ពួក​ជន​ដែល​គេ​បាន​ទាយ​ប្រាប់​នោះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូ‌សាឡិម ដោយ​ព្រោះ​សេចក្តី​អំណត់​ហើយ​នឹង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​កប់​ខ្មោច​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ពី​ព្រោះ​អញ​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ

សូមអានជំពូកពេញលេញ យេរេមា 14