គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 14:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​យេរេមា ពី​ដំណើរ​គ្រា​រាំង​ភ្លៀង

2. ពួក​យូដា​គេ​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កំឡាំង​ចុះ គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សំរែក​នៃ​ក្រុង​យេរូ‌សាឡិម​ក៏​ឮ​ឡើង

3. ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បំរើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ គេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ក៏​គ្រលុំ​ក្បាល

4. ពី​ព្រោះ​ដី​បែក​ក្រហែង ដោយ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​សោះ ពួក​អ្នក​ភ្ជួរ‌រាស់​ក៏​ខ្មាស គេ​គ្រលុំ​ក្បាល​ដែរ

5. អើ​ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទំលាក់​កូន រួច​ចោល​ចេញ ព្រោះ​គ្មាន​ស្មៅ

6. លា​ព្រៃ​ក៏​ឈរ​នៅ​លើ​ទី​ត្រងិល វា​ដង្ហាក់​ដូច​ជា​ចចក ភ្នែក​វា​ស្រវាំង​ទៅ ដោយ​ព្រោះ​គ្មាន​ស្មៅ​សោះ។

7. ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ទ្រង់​ប្រោស​មេត្តា ដោយ​យល់​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ការ​រា‌ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់

8. ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដើរ​ដំណើរ ដែល​ឈប់​សំណាក់​តែ​១​យប់​ដូច្នេះ

9. ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំង‌កាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ឡើយ​ផង ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ​ទ្រង់​គង់​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។

10. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ជន‌ជាតិ​នេះ​ដូច្នេះ​ថា គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ​ព្រះ‌យេហូវ៉ា ទ្រង់​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ទ្រង់​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោស​ដល់​គេ​ជា​ពិត

សូមអានជំពូកពេញលេញ យេរេមា 14