គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 13:16-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ចូរ​សរសើរ‌ដំកើង​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ងងឹត ហើយ​អ្នក​រាល់​គ្នា​ចំពប់​ជើង​នៅ​លើ​ភ្នំ​ងងឹត ហើយ​កំពុង​ដែល​អ្នក​រាល់​គ្នា​សង្ឃឹម​នឹង​បាន​ពន្លឺ នោះ​ទ្រង់​នឹង​បំប្រែ​ឲ្យ​ទៅ​ជា​ម្លប់​នៃ​សេចក្តី​ស្លាប់ និង​ជា​ងងឹត​យ៉ាង​ក្រាស់​វិញ

17. តែ​បើ​អ្នក​រាល់​មិន​ព្រម​ស្តាប់​ទេ នោះ​ព្រលឹង​ខ្ញុំ​នឹង​យំ​សោក​ក្នុង​ទី​សំងាត់ ដោយ​ព្រោះ​សេចក្តី​អំនួត​របស់​អ្នក​រាល់​គ្នា ហើយ​ភ្នែក​ខ្ញុំ​នឹង​យំ​សស្រាក់ ពី​ព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌យេហូវ៉ា​បាន​ត្រូវ​គេ​ចាប់​ដឹក​ទៅ​ជា​ឈ្លើយ​ហើយ។

18. ចូរ​ទូល​ដល់​មហា‌ក្សត្រ និង​អគ្គ‌មហេសី​ថា សូម​ឲ្យ​គង់​ចុះ​នៅ​ទី​ទាប​វិញ ដ្បិត​ក្បាំង​ព្រះ‌សិរ គឺ​ជា​មកុដ​នៃ​សិរី‌ល្អ​របស់​ទ្រង់​បាន​ធ្លាក់​ចុះ​ហើយ

19. អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង​នឹង​បិទ​ជិត​ហើយ ឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ អើ គេ​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​គ្នា​ហើយ។

20. ចូរ​ងើប​ភ្នែក​ឡើង ហើយ​មើល​ពួក​អ្នក​ដែល​មក​ពី​ទិស​ខាង​ជើង ឯ​ហ្វូង​ចៀម​ដែល​បាន​ប្រគល់​ដល់​ឯង គឺ​ជា​ហ្វូង​ដ៏​ល្អ​របស់​ឯង នោះ​តើ​នៅ​ឯ​ណា

21. តើ​ឯង​នឹង​ថា​ដូច​ម្តេច ក្នុង​កាល​ដែល​ទ្រង់​តាំង​ពួក​មិត្រ​សំឡាញ់​របស់​ឯង​ឡើង ឲ្យ​គ្រប់‌គ្រង​លើ​ឯង ដ្បិត​គឺ​ខ្លួន​ឯង​ហើយ ដែល​បាន​បង្ហាត់​បង្រៀន​គេ​ឲ្យ​ធ្វើ​ដូច្នេះ នោះ​តើ​សេចក្តី​ទុក្ខ​ព្រួយ​ដូច​ជា​ស្ត្រី ដែល​ឈឺ​ចាប់​នឹង​សំរាល​កូន មិន​ចាប់​ឯង​ទេ​ឬ

22. ហើយ​បើ​ឯង​នឹក​សួរ​ក្នុង​ចិត្ត​ថា ហេតុ​អ្វី​បាន​ជា​ការ​ទាំង​នេះ​កើត​ដល់​អញ​ដូច្នេះ នោះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ដ៏​បរិបូរ​របស់​ឯង​ទេ បាន​ជា​សំពត់​របស់​ឯង​ត្រូវ​បើក​សើយ​ឡើង ហើយ​ឯង​ត្រូវ​នៅ​កែង‌ជើង​ទទេ​ផង

23. តើ​សាសន៍​អេធីយ៉ូពី​នឹង​បំផ្លាស់​បំប្រែ​សម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ បើ​បាន នោះ​ឯង​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ

24. ដូច្នេះ អញ​នឹង​កំចាត់‌កំចាយ​ឯង​ដូច​ជា​ចំបើង​ដែល​រសាត់​ទៅ​បាត់ ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន

25. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នេះ​ហើយ​ជា​ចំណែក​របស់​ឯង​រាល់​គ្នា ជា​ចំណែក​ដែល​អញ​វាល់​ឲ្យ​ឯង​ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ហើយ​ទុក​ចិត្ត​នឹង​សេចក្តី​កំភូត​វិញ

26. ហេតុ​នោះ​អញ​នឹង​បើក​សើយ​សំពត់​របស់​ឯង​ឡើង​គ្រប​លើ​មុខ​ឯង ហើយ​កេរ‌ខ្មាស​របស់​ឯង​នឹង​បាន​ឃើញ​ច្បាស់

27. អញ​បាន​ឃើញ​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ឯង​ហើយ គឺ​ជា​ការ​កំផិត និង​សូរ​ឆ្លើយ​ឆ្លង​រក​គ្នា​របស់​ឯង ព្រម​ទាំង​សេចក្តី​ឥត​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង នោះ​លើ​អស់​ទាំង​ទី​ទួល​នៅ​វាល​ផង វេទនា​ដល់​ឯង ក្រុង​យេរូ‌សាឡិម​អើយ ឯង​មិន​ព្រម​ឲ្យ​បាន​ស្អាត​ទេ តើ​នឹង​នៅ​តែ​ដូច្នេះ​ដល់​កាល​ណា​ទៀត។

សូមអានជំពូកពេញលេញ យេរេមា 13