គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 13:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ចូរ​ទៅ​ទិញ​សំពត់​ទេស​ឯក​សំរាប់​ក្រវាត់​ខ្លួន ហើយ​ក្រវាត់​នៅ​ចង្កេះ​ឯង​ទៅ កុំ​ឲ្យ​បោក​ទឹក​ឡើយ

2. ដូច្នេះ ខ្ញុំ​ក៏​ទិញ​សំពត់​១​មក​ក្រវាត់​នៅ​ចង្កេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

3. រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

4. ចូរ​យក​សំពត់​ក្រវាត់​ដែល​បាន​ទិញ​នោះ ដែល​នៅ​ចង្កេះ​ឯង ហើយ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត លាក់​ទុក​នៅ​ក្នុង​ក្រហែង​ថ្ម​នៅ​ទី​នោះ​ទៅ

5. ដូច្នេះ ខ្ញុំ​ក៏​ទៅ​លាក់​សំពត់​នោះ​នៅ​ក្បែរ​ទន្លេ​អ៊ើប្រាត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក

6. ក្រោយ​មក​ជា​យូរ​ថ្ងៃ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​ទៅ​ឯ​ទន្លេ​អ៊ើប្រាត យក​សំពត់​ក្រវាត់ ដែល​អញ​បាន​បង្គាប់ ឲ្យ​លាក់​ទុក​នៅ​ទី​នោះ​មក​វិញ

7. ខ្ញុំ​ក៏​ទៅ​ដល់​ទន្លេ​អ៊ើប្រាត ជីក​យក​សំពត់​ក្រវាត់ ពី​កន្លែង​ដែល​ខ្ញុំ​បាន​លាក់​ទុក​នោះ ហើយ​មើល សំពត់​នោះ​ខូច​ហើយ គ្មាន​ប្រយោជន៍​ទៀត​សោះ។

8. គ្រា​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

9. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​បែប​យ៉ាង​នេះ​ដែល​អញ​នឹង​បង្ខូច​សេចក្តី​អំនួត​របស់​ពួក​យូដា និង​សេចក្តី​អំនួត​យ៉ាង​ធំ​របស់​ក្រុង​យេរូ‌សាឡិម​ដែរ

10. ឯ​ជន‌ជាតិ​អាក្រក់​នេះ​ដែល​មិន​ព្រម​ស្តាប់​តាម​ពាក្យ​អញ ជា​ពួក​អ្នក​ដែល​ដើរ​តាម​តែ​សេចក្តី​រឹង‌ចចេស នៅ​ក្នុង​ចិត្ត​របស់​ខ្លួន​គេ នឹង​ទៅ​តាម​ព្រះ​ដទៃ ដើម្បី​នឹង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា គេ​នឹង​បាន​ដូច​ជា​សំពត់​ក្រវាត់​នេះ ដែល​ឥត​មាន​ប្រយោជន៍​អ្វី​ទៀត

11. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សំពត់​ក្រវាត់​ជាប់​នៅ​នឹង​ចង្កេះ​មនុស្ស​យ៉ាង​ណា នោះ​អញ​ក៏​បាន​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល និង​ពួក​វង្ស​យូដា​ទាំង​អស់​នៅ​ជាប់​នឹង​អញ​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ជា​រាស្ត្រ​សំរាប់​អញ ហើយ​ជា​កេរ្តិ៍‌ឈ្មោះ ជា​សេចក្តី​សរសើរ និង​ជា​សិរី‌ល្អ​ផង តែ​គេ​មិន​ព្រម​ស្តាប់​សោះ។

12. ហេតុ​នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​អស់​ទាំង​ឪទឹន​នោះ​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​គេ​នឹង​ឆ្លើយ​តប​មក​ឯង​ថា តើ​យើង​មិន​ដឹង​ពិត​ថា ឪទឹន​ទាំង​អស់​នឹង​បាន​ពេញ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ​ឬ​អី

13. រួច​ឯង​ត្រូវ​ប្រាប់​ដល់​គេ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្រុក​នេះ​ទាំង​អស់ ទាំង​ពួក​ស្តេច​ដែល​គង់​លើ​បល្ល័ង្ក​របស់​ដាវីឌ និង​ពួក​សង្ឃ ពួក​ហោរា ហើយ​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ផង បាន​ស្រវឹង​ពេញ​ទី

14. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន​ផង អញ​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។

សូមអានជំពូកពេញលេញ យេរេមា 13