គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 10:6-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ​ទ្រង់​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ទ្រង់​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ

7. ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្តី​កោត‌ខ្លាច​សំណំ​តែ​នឹង​ទ្រង់​ប៉ុណ្ណោះ ពី​ព្រោះ​ក្នុង​បណ្តា​មនុស្ស​ប្រាជ្ញា​ទាំង‌ឡាយ​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់​ឡើយ

8. គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល ហើយ​ល្ងី‌ល្ងើ ឯ​លទ្ធិ​របស់​គេ​ជា​សេចក្តី​សូន្យ​សោះ គឺ​ជា​ដុំ​ឈើ​ទទេ

9. គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស និង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់

10. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្តី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន​ឡើយ

11. ដូច្នេះ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ។

12. ព្រះ​ទ្រង់​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ទ្រង់ ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ទ្រង់ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់

13. កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ទ្រង់​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សំរាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ទ្រង់​ផង

14. គ្រប់​ទាំង​មនុស្ស​បាន​ទៅ​ជា​កំរោល ហើយ​ឥត​មាន​ចំណេះ គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្តី​កំភូត​ទទេ ឥត​មាន​ដង្ហើម​ឡើយ

15. វា​សុទ្ធ​តែ​អសារ‌ឥត‌ការ ជា​ការ​បញ្ឆោត​ហើយ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល នោះ​វា​នឹង​វិនាស​បាត់​ទៅ

16. ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

17. ឱ​ឯង ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ​អើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង ចេញ​ពី​ស្រុក​ទៅ

សូមអានជំពូកពេញលេញ យេរេមា 10