គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 10:10-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្តី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន​ឡើយ

11. ដូច្នេះ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ។

12. ព្រះ​ទ្រង់​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ទ្រង់ ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ទ្រង់ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់

13. កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ទ្រង់​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សំរាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ទ្រង់​ផង

14. គ្រប់​ទាំង​មនុស្ស​បាន​ទៅ​ជា​កំរោល ហើយ​ឥត​មាន​ចំណេះ គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្តី​កំភូត​ទទេ ឥត​មាន​ដង្ហើម​ឡើយ

15. វា​សុទ្ធ​តែ​អសារ‌ឥត‌ការ ជា​ការ​បញ្ឆោត​ហើយ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល នោះ​វា​នឹង​វិនាស​បាត់​ទៅ

16. ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះ‌នាម​ទ្រង់ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

17. ឱ​ឯង ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ​អើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង ចេញ​ពី​ស្រុក​ទៅ

18. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។

19. វរ‌ហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្តី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្តី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំទ្រ

20. ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ

21. ដ្បិត​ពួក​អ្នក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចំរើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ

22. មាន​ឮ​សូរ‌សព្ទ ពី​ការ​កោលា‌ហល​ជា​ខ្លាំង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា ទៅ​ជា​ទី​បំផ្លាញ​បង់ ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។

23. ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ

24. ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ផ្ចាល​ទូល‌បង្គំ​ចុះ តែ​គឺ​តាម​សេចក្តី​ទៀង​ត្រង់ មិន​មែន​ដោយ​សេចក្តី​ខ្ញាល់​របស់​ទ្រង់​ឡើយ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ទូល‌បង្គំ​សាប‌សូន្យ​ទៅ

សូមអានជំពូកពេញលេញ យេរេមា 10