គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យេរេមា 10:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​សេចក្តី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ

2. គឺ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សំគាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សំគាល់​ទាំង​នោះ

3. ពី​ព្រោះ​អស់​ទាំង​ទំនៀម‌ទំលាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ

4. គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា

5. រូប​ទាំង​នោះ​ឈរ​ត្រង់ ដូច​ជា​ដើម​លម៉ើ​វា​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ពី​ព្រោះ​ដើរ​មិន​រួច កុំ​ឲ្យ​កោត‌ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។

6. ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ​ទ្រង់​ធំ​ប្រសើរ ហើយ​ព្រះ‌នាម​ទ្រង់​ក៏​មាន​ឥទ្ធា‌នុភាព​យ៉ាង​ខ្លាំង​ដែរ

7. ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្តី​កោត‌ខ្លាច​សំណំ​តែ​នឹង​ទ្រង់​ប៉ុណ្ណោះ ពី​ព្រោះ​ក្នុង​បណ្តា​មនុស្ស​ប្រាជ្ញា​ទាំង‌ឡាយ​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់​ឡើយ

8. គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល ហើយ​ល្ងី‌ល្ងើ ឯ​លទ្ធិ​របស់​គេ​ជា​សេចក្តី​សូន្យ​សោះ គឺ​ជា​ដុំ​ឈើ​ទទេ

9. គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស និង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់

10. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប‌ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្តី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ទ្រង់​បាន​ឡើយ

11. ដូច្នេះ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ។

12. ព្រះ​ទ្រង់​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ទ្រង់ ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ទ្រង់ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់

13. កាល​ណា​ទ្រង់​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ទ្រង់​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សំរាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ទ្រង់​ផង

សូមអានជំពូកពេញលេញ យេរេមា 10