គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡាគី 3:11-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ដូច្នេះ ដោយ​យល់​ដល់​ឯង​រាល់​គ្នា នោះ​អញ​នឹង​បន្ទោស​ដល់​សត្វ​ដែល​ស៊ី​បង្ខូច មិន​ឲ្យ​វា​បំផ្លាញ​ផល​ដែល​កើត​ពី​ដី​ឯង​ឡើយ ឯ​ដើម​ទំពាំង‌បាយ‌ជូរ​នៅ​ចំការ​របស់​ឯង ក៏​មិន​ជំរុះ​ផ្លែ​ពី​កាល​នៅ​ក្តឹប​ដែរ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

12. យ៉ាង​នោះ​គ្រប់​ទាំង​សាសន៍​នឹង​ថា ឯង​រាល់​គ្នា​មាន​ពរ ដ្បិត​ស្រុក​របស់​ឯង​រាល់​គ្នា នឹង​បាន​ជា​ស្រុក​សប្បាយ​ណាស់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

13. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ពាក្យ​សំដី​របស់​ឯង​រាល់​គ្នា បាន​ទាស់​នឹង​អញ​ជា​ខ្លាំង ទោះ​បើ​យ៉ាង​នោះ​ក៏​ឯង​រាល់​គ្នា​ថា យើង​បាន​និយាយ​អ្វី​ទាស់​នឹង​ទ្រង់

14. គឺ​ឯង​រាល់​គ្នា​ពោល​ថា ការ​ដែល​ខំ​គោរព​តាម​ព្រះ នោះ​ឥត​អំពើ​ទេ ហើយ​ដែល​យើង​បាន​រក្សា​បញ្ញើ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រម​ទាំង​ដើរ​នៅ​ចំពោះ​ទ្រង់​ដោយ​កាន់​ទុក្ខ​ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី

15. ឥឡូវ​នេះ យើង​រាប់​មនុស្ស​ឆ្មើង‌ឆ្មៃ ទុក​ជា​សប្បាយ​ហើយ អើ ពួក​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់​បាន​តាំង​ឡើង អើ គេ​ល្បង‌ល​ព្រះ ហើយ​ក៏​រួច​ផង។

16. គ្រា​នោះ ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ក៏​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រុង​ស្តាប់ ក៏​បាន​ឮ រួច​មាន​សៀវភៅ​រំឭក​បាន​កត់​ទុក នៅ​ចំពោះ​ព្រះ‌យេហូវ៉ា សំរាប់​ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់ និង​ពួក​អ្នក​ដែល​នឹក​ដល់​ព្រះ‌នាម​ទ្រង់

17. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​ដែល​អញ​ធ្វើ​ការ​នេះ នោះ​គេ​នឹង​បាន​ជា​របស់​ផង​អញ គឺ​ជា​របស់​ផង​អញ​ពិត ហើយ​អញ​នឹង​ប្រណី​ដល់​គេ ដូច​ជា​មនុស្ស​ប្រណី​ដល់​កូន​ខ្លួន​ដែរ គឺ​ជា​កូន​ដែល​គោរព​ដល់​ខ្លួន​ពិត

18. គ្រា​នោះ​ឯង​រាល់​គ្នា​នឹង​ត្រឡប់​ជា​ចេះ​ញែក​សេចក្តី​សុចរិត និង​សេចក្តី​អាក្រក់​ចេញ​ពី​គ្នា ហើយ​នឹង​មនុស្ស​ដែល​គោរព​ដល់​ព្រះ និង​មនុស្ស​ដែល​មិន​គោរព​ផង។

សូមអានជំពូកពេញលេញ ម៉ាឡាគី 3