គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ម៉ាឡាគី 3:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មើល អញ​ចាត់​ទូត​អញ​ឲ្យ​ទៅ គាត់​នឹង​រៀប‌ចំ​ផ្លូវ​នៅ​មុខ​អញ ហើយ​ព្រះ‌អម្ចាស់​ដែល​ឯង​រាល់​គ្នា​ស្វែង​រក​នោះ ទ្រង់​នឹង​លោ​តែ​មក​ដល់​ព្រះ‌វិហារ​របស់​ទ្រង់​ភ្លាម ឯ​ទូត​ដែល​នាំ​សេចក្តី​សញ្ញា​មក ជា​សេចក្តី​សញ្ញា​ដែល​ឯង​រាល់​គ្នា​ចង់​បាន​ទាំង​ម៉្លេះ​នោះ មើល​ន៏ ទ្រង់​យាង​មក នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

2. តែ​មាន​អ្នក​ឯ​ណា​ធន់​នៅ​បាន ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ តើ​អ្នក​ណា​នឹង​ឈរ​នៅ ក្នុង​កាល​ដែល​ទ្រង់​លេច​មក ដ្បិត​ទ្រង់​ប្រៀប​ដូច​ជា​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក

3. ទ្រង់​នឹង​គង់​ចុះ ដូច​ជា​ជាង​សំរង ហើយ​នឹង​ដេញ​អាចម៍​ប្រាក់ ទ្រង់​នឹង​សំអាត​ពួក​កូន​ចៅ​លេវី ហើយ​សំរង​គេ​ដូច​ជា​មាស ហើយ​នឹង​ប្រាក់ នោះ​គេ​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្តី​សុចរិត

4. គ្រា​នោះ ដង្វាយ​របស់​ពួក​យូដា និង​ក្រុង​យេរូ‌សាឡិម​នឹង​ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា ដូច​កាល​ពី​ដើម គឺ​ដូច​កាល​ពី​ចាស់​បុរាណ​នោះ

5. ហើយ​អញ​នឹង​មក​ជិត​ឯង​រាល់​គ្នា ដើម្បី​នឹង​សំរេច​តាម​សេចក្តី​យុត្តិ‌ធម៌ អញ​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយ​ដែល​បង្វែរ​សេចក្តី​យុត្តិ‌ធម៌ ចេញ​ពី​ពួក​អ្នក​ដែល​ស្នាក់​នៅ ឥត​កោត‌ខ្លាច​ដល់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

6. ដ្បិត​អញ គឺ​យេហូវ៉ា អញ​មិន​ប្រែ‌ប្រួល​ឡើយ ហេតុ​នោះ ឱ​ពួក​កូន​ចៅ​យ៉ាកុបអើយ ឯង​រាល់​គ្នា​មិន​បាន​ត្រូវ​វិនាស​ទេ។

7. ឯង​រាល់​គ្នា​បាន​បោះ‌បង់​ចោល​សេចក្តី​បញ្ញត្ត​របស់​អញ ចាប់​តាំង​ពី​គ្រា​ពួក​អយ្យ‌កោ​រៀង​មក ឥត​កាន់​តាម​ឡើយ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បង្គាប់​ថា ចូរ​វិល​មក​ឯ​អញ​វិញ​ចុះ នោះ​អញ​នឹង​ត្រឡប់​មក​ឯ​ឯង​ដែរ តែ​ឯង​រាល់​គ្នា​ថា តើ​យើង​នឹង​វិល​ទៅ​យ៉ាង​ដូច​ម្តេច

8. ចុះ​តើ​មនុស្ស​នឹង​កោង​យក​របស់​ព្រះ​ឬ ប៉ុន្តែ​ឯង​រាល់​គ្នា​បាន​កោង​យក​របស់​អញ​ហើយ រួច​បែរ​ជា​សួរ​ថា តើ​យើង​បាន​កោង​យក​របស់​ទ្រង់​ឯ​ណា គឺ​ក្នុង​ដង្វាយ​១​ភាគ​ក្នុង​១០ ហើយ​ក្នុង​ដង្វាយ​លើក​ចុះ​ឡើង​នោះ​ឯង

សូមអានជំពូកពេញលេញ ម៉ាឡាគី 3