3. មើលអញនឹងបំផ្លាញពូជពង្រោះរបស់ឯងទៅ អញនឹងជះលាមកទៅលើមុខឯងរាល់គ្នា គឺជាលាមកពីដង្វាយយញ្ញបូជារបស់ឯង ហើយគេនឹងដឹកឯងចេញទៅជាមួយផង
4. នោះឯងរាល់គ្នានឹងថា អញបានឲ្យសេចក្តីបង្គាប់នេះ មកដល់ឯងហើយ ដើម្បីឲ្យសេចក្តីសញ្ញារបស់អញបាននៅជាមួយនឹងពួកលេវី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
5. ឯសេចក្តីសញ្ញាដែលអញបានតាំងនឹងគេ នោះគឺជាជីវិត ហើយជាសេចក្តីសុខ អញបានឲ្យដល់គេ ដើម្បីឲ្យគេបានកោតខ្លាចដល់អញ ព្រមទាំងមានសេចក្តីភ័យញ័រ នៅចំពោះឈ្មោះអញ
6. គេមានច្បាប់ដ៏ពិតនៅក្នុងមាត់ ហើយមិនឃើញមានសេចក្តីទុច្ចរិតនៅបបូរមាត់គេឡើយ គេបានដើរជាមួយនឹងអញដោយសេចក្តីសុខ និងសេចក្តីទៀងត្រង់ ក៏បានបំបែរមនុស្សជាច្រើន ចេញពីសេចក្តីទុច្ចរិត
7. ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
8. តែឯងរាល់គ្នាបានទាសចេញពីផ្លូវ ក៏បាននាំឲ្យមនុស្សជាច្រើនជំពប់ដួល ក្នុងក្រឹត្យវិន័យដែរ ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលថា ឯងរាល់គ្នាបានបង្ខូចសេចក្តីសញ្ញារបស់លេវីហើយ
9. ហេតុនោះអញក៏បានធ្វើឲ្យឯងរាល់គ្នាជាទីមើលងាយ នៅចំពោះមុខជនទាំងឡាយដែរ ពីព្រោះឯងរាល់គ្នាមិនបានកាន់តាមអស់ទាំងផ្លូវរបស់អញ គឺបានយោគយល់មុខគេក្នុងក្រឹត្យវិន័យវិញ។
10. យើងទាំងអស់គ្នា តើមិនមានឪពុកតែ១ទេឬ តើមិនមែនជាព្រះតែ១ ដែលបង្កើតយើងរាល់គ្នាមកទេឬអី ហេតុអ្វីបានជាយើងប្រព្រឹត្តដោយក្បត់ ចំពោះបងប្អូនរៀងខ្លួន ទាំងធ្វើបង្អាប់ដល់សេចក្តីសញ្ញារបស់ពួកអយ្យកោយើងផងដូច្នេះ
11. យូដាបានក្បត់ហើយ ក៏មានគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម នៅក្នុងពួកអ៊ីស្រាអែល ហើយនៅក្រុងយេរូសាឡិមដែរ ដ្បិតយូដាបានបង្គាប់សេចក្តីដែលបរិសុទ្ធដល់ព្រះយេហូវ៉ា ជាសេចក្តីដែលគួរឲ្យគេបានស្រឡាញ់វិញ គឺបានយកកូនស្រីរបស់ព្រះដទៃធ្វើជាប្រពន្ធ