គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 7:8-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ

9. ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ទ្រង់​កាន់​ក្តី​ជំនួស​ខ្ញុំ ហើយ​បាន​សំរេច​សេចក្តី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ទ្រង់​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្តី​សុចរិត​របស់​ទ្រង់

10. គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្តី​ខ្មាស​គ្រប​លើ​នាង ដែល​និយាយ​មក​ខ្ញុំ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​ឯ​ណា ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​នាង នាង​នឹង​ត្រូវ​ជាន់​ឈ្លី​ឥឡូវ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ

11. នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ

12. នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាស‌ស៊ើរ និង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ និង​ពី​សមុទ្រ​ម្ខាង ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​១​ទៅ​ដល់​ភ្នំ​១​ទៀត

13. ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ស្រុក​នេះ​នឹង​ត្រូវ​នៅ​ស្ងាត់​ច្រៀប ដោយ​ព្រោះ​ផល​នៃ​កិរិយា​របស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។

14. សូម​ទ្រង់​ឃ្វាល​រាស្ត្រ​ទ្រង់ ដោយ​ដំបង​របស់​ទ្រង់ គឺ​ហ្វូង​ចៀម​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្តាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ

15. អញ​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

16. អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ

17. គេ​នឹង​លិទ្ធ​ធូលី​ដី​ដូច​ជា​ពស់ គេ​នឹង​ញាប់‌ញ័រ​ចេញ​ពី​ទី​មាំ‌មួន​របស់​គេ គឺ​ដូច​ជា​សត្វ​លូន​វារ​នៅ​ផែនដី​ចេញ​ពី​រន្ធ គេ​នឹង​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ដោយ​កោត‌ខ្លាច ហើយ​នឹង​ភិត‌ភ័យ​ដោយ​ព្រោះ​ឯង។

18. តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ ទ្រង់​មិន​ផ្ងំ​សេចក្តី​ខ្ញាល់​ទុក​ជានិច្ច​ទេ ពី​ព្រោះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្តី​សប្បុរស​វិញ

19. ទ្រង់​នឹង​មាន​សេចក្តី​អាណិត‌អាសូរ ដល់​យើង​រាល់​គ្នា​ទៀត ទ្រង់​នឹង​កំរាប​សេចក្តី​ទុច្ចរិត​របស់​យើង នៅ​ក្រោម​ព្រះ‌បាទ ហើយ​នឹង​បោះ​អស់​ទាំង​អំពើ​បាប​របស់​យើង​ទៅ​ក្នុង​សមុទ្រ​ជ្រៅ

20. ទ្រង់​នឹង​សំរេច​តាម​សេចក្តី​ពិត​ដល់​យ៉ាកុប និង​តាម​សេចក្តី​សប្បុរស​ដល់​អ័ប្រា‌ហាំ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ពួក​ព្ធយុ‌កោ​យើង​រាល់​គ្នា ចាប់​តាំង​ពី​បុរាណ​មក​នោះ។:៚

សូមអានជំពូកពេញលេញ មីកា 7