គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 7:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្តី​ខ្មាស​គ្រប​លើ​នាង ដែល​និយាយ​មក​ខ្ញុំ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​ឯ​ណា ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​នាង នាង​នឹង​ត្រូវ​ជាន់​ឈ្លី​ឥឡូវ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ

11. នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ

12. នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាស‌ស៊ើរ និង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ និង​ពី​សមុទ្រ​ម្ខាង ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​១​ទៅ​ដល់​ភ្នំ​១​ទៀត

13. ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ស្រុក​នេះ​នឹង​ត្រូវ​នៅ​ស្ងាត់​ច្រៀប ដោយ​ព្រោះ​ផល​នៃ​កិរិយា​របស់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ។

14. សូម​ទ្រង់​ឃ្វាល​រាស្ត្រ​ទ្រង់ ដោយ​ដំបង​របស់​ទ្រង់ គឺ​ហ្វូង​ចៀម​ដ៏​ជា​មរដក​របស់​ទ្រង់ ដែល​នៅ​ត្រមោច​ក្នុង​ព្រៃ​កណ្តាល​ស្រុក​កើមែល សូម​ឲ្យ​គេ​រក​ស៊ី​នៅ​ស្រុក​បាសាន និង​នៅ​ស្រុក​កាឡាត ដូច​កាល​ពី​ដើម​ចុះ

15. អញ​នឹង​ឲ្យ​គេ​ឃើញ​ការ​អស្ចារ្យ ដូច​នៅ​គ្រា​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

16. អស់​ទាំង​សាសន៍​នឹង​ឃើញ ហើយ​នឹង​ឡើង​មុខ​ស្លាំង ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​របស់​គេ ពួក​ទាំង​នោះ​នឹង​ដាក់​ដៃ​ខ្ទប់​មាត់ ហើយ​ត្រចៀក​គេ​នឹង​ត្រូវ​ថ្លង់​ទៅ​ដែរ

17. គេ​នឹង​លិទ្ធ​ធូលី​ដី​ដូច​ជា​ពស់ គេ​នឹង​ញាប់‌ញ័រ​ចេញ​ពី​ទី​មាំ‌មួន​របស់​គេ គឺ​ដូច​ជា​សត្វ​លូន​វារ​នៅ​ផែនដី​ចេញ​ពី​រន្ធ គេ​នឹង​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ដោយ​កោត‌ខ្លាច ហើយ​នឹង​ភិត‌ភ័យ​ដោយ​ព្រោះ​ឯង។

18. តើ​មាន​អ្នក​ណា​ជា​ព្រះ​ឲ្យ​ដូច​ទ្រង់ ដែល​ទ្រង់​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត ហើយ​ក៏​បំភ្លេច​អំពើ​រំលង​របស់​សំណល់​នៃ​មរដក​ទ្រង់ ទ្រង់​មិន​ផ្ងំ​សេចក្តី​ខ្ញាល់​ទុក​ជានិច្ច​ទេ ពី​ព្រោះ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្តី​សប្បុរស​វិញ

សូមអានជំពូកពេញលេញ មីកា 7