គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

មីកា 7:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. វរ​ហើយ​ខ្ញុំ ដ្បិត​ខ្ញុំ​ដូច​ជា​នៅ​វេលា​ដែល​បេះ​ផ្លែ​រដូវ​ក្តៅ​រួច​ហើយ គឺ​ដូច​ជា​បាន​ប្រឡេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ជាន់​ក្រោយ​អស់​ហើយ គ្មាន​ចង្កោម​ណា​សល់​ឲ្យ​បាន​ស៊ី​ទេ ចិត្ត​ខ្ញុំ​ប្រាថ្នា​ចង់​បាន​ផ្លែ​ល្វា ដែល​ទុំ​ដើម​រដូវ

2. មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ គេ​សុទ្ធ​តែ​លប​ចាំ​កំចាយ​ឈាម គ្រប់​គ្នា​ប្រដេញ​បង​ប្អូន​ខ្លួន​ដោយ​មង

3. ដៃ​គេ​ចាប់​កាន់​អំពើ​អាក្រក់​ប្រុង​នឹង​ធ្វើ​ដោយ​ខ្មី‌ឃ្មាត ឯ​ចៅ‌ហ្វាយ គេ​ក៏​សូម ហើយ​ចៅ‌ក្រម​ក៏​ប្រុង​នឹង​ស៊ី​សំណូក​ដែរ ឯ​អ្នក​ធំ គេ​ពោល​ពី​សេចក្តី​ប៉ង‌ប្រាថ្នា​អាក្រក់ ដែល​នៅ​ក្នុង​ចិត្ត​ខ្លួន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​ប្រមុំ​ការ​អាក្រក់​របស់​គេ

4. មនុស្ស​ល្អ​បំផុត​នៅ​ក្នុង​ពួក​គេ ក៏​ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​រាប់​ជា​ទៀង​ត្រង់ ក៏​អាក្រក់​ជាង​របង​ធ្វើ​ពី​បន្លា​ទៅ​ទៀត ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​ឯង គឺ​ជា​ថ្ងៃ​ធ្វើ​ទោស​ដល់​ឯង បាន​មក​ដល់​ហើយ គ្រា​នោះ នឹង​បាន​ជា​គ្រា​អាំង‌ឡាំង​ដល់​ឯង

5. កុំ​ឲ្យ​ទុក​ចិត្ត​អ្នក​ជិត​ខាង ក៏​កុំ​ឲ្យ​ជឿ​មិត្រ​សំឡាញ់​ផង សូម្បី​តែ​នាង​ដែល​ឯង​ឱប​នៅ​នា​ទ្រូង​ក៏​ចូរ​រក្សា​បបូរ​មាត់​ចំពោះ​នាង​ដែរ

6. ដ្បិត​កូន​ប្រុស​បង្អាប់​ឪពុក ហើយ​កូន​ស្រី​ក៏​ចចើង​ទាស់​នឹង​ម្តាយ ឯ​កូន​ប្រសា​ស្រី​ទាស់​ទទឹង​នឹង​ម្តាយ​ក្មេក ហើយ​ខ្មាំង​សត្រូវ​របស់​អ្នក​ណា នោះ​គឺ​ជា​ពួក​អ្នក​នៅ​ផ្ទះ​របស់​អ្នក​នោះ​ឯង។

7. ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​រង់‌ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ

8. ឱ​ខ្មាំង​សត្រូវ​អើយ កុំ​ឲ្យ​សប្បាយ​ចិត្ត​ពី​ដំណើរ​ខ្ញុំ​ឡើយ កាល​ណា​ខ្ញុំ​ដួល នោះ​ខ្ញុំ​នឹង​ក្រោក​ឡើង​វិញ កាល​ណា​ខ្ញុំ​អង្គុយ​ក្នុង​ទី​ងងឹត នោះ​ព្រះ‌យេហូវ៉ា​នឹង​ជា​ពន្លឺ​ដល់​ខ្ញុំ

9. ខ្ញុំ​នឹង​រង‌ទ្រាំ​ចំពោះ​សេចក្តី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​រង​ទ្រាំ​ដរាប​ដល់​ទ្រង់​កាន់​ក្តី​ជំនួស​ខ្ញុំ ហើយ​បាន​សំរេច​សេចក្តី​យុត្តិ‌ធម៌​ដល់​ខ្ញុំ នោះ​ទ្រង់​នឹង​នាំ​ចេញ​មក​ឯ​ពន្លឺ រួច​ខ្ញុំ​នឹង​រំពឹង​មើល​សេចក្តី​សុចរិត​របស់​ទ្រង់

10. គ្រា​នោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្តី​ខ្មាស​គ្រប​លើ​នាង ដែល​និយាយ​មក​ខ្ញុំ​ថា តើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​ឯ​ណា ឯ​ភ្នែក​ខ្ញុំ​នឹង​ឃើញ​បំណង​ចិត្ត​កើត​ដល់​នាង នាង​នឹង​ត្រូវ​ជាន់​ឈ្លី​ឥឡូវ ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ

11. នៅ​ថ្ងៃ​ដែល​កំផែង​ឯង​នឹង​បាន​សង់​ឡើង ថ្ងៃ​នោះ​ច្បាប់​បង្គាប់​នឹង​ឃ្លាត​ឆ្ងាយ​ពី​ឯង​ទៅ

12. នៅ​គ្រា​នោះ នឹង​មាន​គេ​មក​ឯ​ឯង​ពី​ស្រុក​អាស‌ស៊ើរ និង​ពី​គ្រប់​ទាំង​ទី​ក្រុង​អេស៊ីព្ទ ហើយ​ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ រហូត​ដល់​ទន្លេ​ធំ និង​ពី​សមុទ្រ​ម្ខាង ទៅ​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ភ្នំ​១​ទៅ​ដល់​ភ្នំ​១​ទៀត

សូមអានជំពូកពេញលេញ មីកា 7